(ភ្នំពេញ)៖ លោកយាយរបស់តារាចម្រៀងល្បីឈ្មោះ លោក ព្រាប សុវត្ថិ បានទទួលមរណភាពហើយ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ ដោយជរាពាធ ខណៈដែលកាលនៅមានព្រះជន្ម លោកយាយគឺមានសភាពចាស់ជរា វង្វេងខ្លាំងទៀតផង។

ដំណឹងមរណភាពលោកយាយ របស់តារាចម្រៀងលោក ព្រាប សុវត្ថិ បានធ្វើឲ្យមហាជន និងមិត្តសិល្បៈជាច្រើន មានការសោកស្ដាយ និងបានចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារតារាចម្រៀងល្បីឈ្មោះរូបនេះផងដែរ។

យោងតាមរយៈការបង្ហោះក្នុងបណ្ដាញសង្គមទំនាក់ទំនង អ៊ីនស្តាក្រាម របស់កូនប្រុសតារាចម្រៀង ព្រាប សុវត្ថិ គឺតារាចម្រៀង សុវត្ថិ មុន្នីវណ្ណ បានបង្ហោះនូវរូបភាពបង្ហាញពីទិដ្ឋភាពពិធីបុណ្យសពរបស់លោកយាយទួតរបស់ខ្លួន ភ្ជាប់ជាមួយនឹងពាក្យពេចន៍រំលែកទុក្ខ និងបួងសួងឲ្យវិញ្ញាណក្ខន្ធយាយទួតរបស់ខ្លួន បានទៅកាន់សុគតិភព។

ក្រោយពីបានជ្រាបពីដំណឹងដ៏សោកសៅមួយនេះ អ្នកគាំទ្រព្រមទាំងមិត្តៗជាច្រើន បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសាររបស់លោកគ្រប់ៗគ្នាផងដែរ៕