(ចិន)៖ កូនសត្វអូដ្ឋ-កវែងចំនួនបីក្បាលបានបើកបង្ហាញខ្លួនសាធារណៈជាលើកដំបូង នៅឧស្យានសាហ្វារី ជឹមឡុង ក្នុងខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន នាឱកាសឈប់សម្រាកក្នុងទិវាបុណ្យពលកម្មជាតិចំនួន ៥ថ្ងៃកន្លងទៅ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN។

កូនសត្វអូដ្ឋ-កវែងទាំងបីក្បាលបានកើតកាលពីដើមឆ្នាំកន្លងទៅ ដោយបច្ចុប្បន្នពួកគេមានកម្ពស់ជាង ២ម៉ែត្រ ហើយជាមួយនឹងការរីកលូតលាស់ប្រកបដោយសុខភាពមាំទាំល្អ។

លោក ចូវ សឺឈាង ជាអ្នកបង្កាត់ពូជសត្វអូដ្ឋដោយផ្ទាល់បានឲ្យដឹងថា ទំងន់របស់ពួកគេមានការកើនឡើងពី ៣០ ទៅ ៤០គីឡូក្រាម នៅក្នុងខែដំបូង ដោយពួកគេនឹងមានការបន្តកើនឡើងទម្ងន់ចំនួន ២០គីឡូក្រាមជារៀងរាល់ខែ រហូតដល់ពេញវ័យ។

ទីតាំងឧទ្យានផ្ទាល់ក៏បានចាត់តាំងវិធានការ ដើម្បីធានាសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាបន្តបន្ទាប់ រួមមានដូចជាតម្រូវឲ្យមានការកក់ សម្រាប់ការចូលរួមទស្សនាដោយប្រើប្រាស់បណ្ដាញអ៊ីនធឺណេតជាមុនសិន និងមានការតាមដានសុខភាព ព្រមទាំងការត្រួតពិនិត្យសីតុណ្ហភាពរាងកាយយ៉ាងត្រឹមត្រូវ៕