(ភ្នំពេញ)៖ បច្ចុប្បន្ននេះ​លោកស្រី កូវ ច័ន្ទសុវណ្ណារិទ្ធ អគ្គនាយិកាក្រុមហ៊ុន KCR Group ដែលគេតែងតែហៅថា ស្ត្រីអ្នកជំនួញវ័យក្មេង ម្ចាស់សិប្បកម្មរ៉ារី នោះ កំពុងតែមានទុក្ខ ដោយសារលោកយាយជាទីគោរពស្រឡាញ់ បានទទួលមរណភាព។ ទោះបែបនេះក្តី លោកស្រី និងក្រុមការងារ មិនបានភ្លេចឡើយ នូវការងារមនុស្សធម៌តែងតែធ្វើជាប្រចាំ។ ដោយថ្មីៗនេះ ក្រុមការងារ KCR Group បាននាំយកអំណោយទៅជូនលោកយាយទុរគតពីរនាក់ ដែលរស់នៅខេត្តបាត់ដំបង។

ជាក់ស្តែង ក្នុងបណ្តាញសង្គមរបស់លោកស្រី កូវ ច័ន្ទសុវណ្ណារិទ្ធ បានសរសេរថា «ទោះបីជាពេលវេលានេះ នាងខ្ញុំកំពុងមានទុក្ខជាទម្ងន់ ដោយបានបាត់បង់ជីដូនជាទីគោរពស្រលាញ់គឺ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខហើយក្តី ក៏នាងខ្ញុំមិនដែលភ្លេចនូវលោកតា លោកយាយ ទុរគតជនរបស់នាងខ្ញុំឡើយ ដោយជាក់ស្តែង នៅថ្ងៃនេះនាងខ្ញុំ កូវ ច័ន្ទសុវណ្ណារិទ្ធ អគ្គនាយិកាក្រុមហ៊ុន KCR Group បានចាត់តាំងក្រុមការងារKCR ចែករំលែកមនុស្សធ៌ម នាំយកនូវអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា៤០០ ០០០រៀល ទៅប្រគល់ជូនលោកតា ម៉ុក ថូ អាយុ៨៨ឆ្នាំ និងលោកយាយ ទូច នី អាយុ៧៩ឆ្នាំ រស់នៅភូមិតាហែន ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង»

សូមបញ្ជាក់ថា លោកទាំងពីរជាទុរគតជនគ្មានផ្ទះសម្បែង ហើយរស់នៅដោយអាស្រ័យក្នុង កុដិព្រះសង្ឃ ក្នុងវត្តតាហែន ដោយមើលឃើញពីទុក្ខលំបាករបស់លោកទាំងពីរ ទើបនាងខ្ញុំសំរេចផ្តល់ជាអំណោយ និងជួយទំនុកបំរុងលោកទាំងពីររហូតដល់អស់ព្រះជន្ម។ សូមកងការមហាកុសល ដែលនាងខ្ញុំបានធ្វើចំពោះ ចាស់ជរា ទុរគតជននានាពីមុនមក រហូតដល់ពេលបច្ចុប្បន្ននេះ សូមឧទ្ទិសមហាកុសលនេះជូនចំពោះជីដូនរបស់នាងខ្ញុំ គឺអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មវិញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលលោកទើបធ្វើមរណកាលថ្មីៗនេះ សូមឌួងវិញ្ញាណក្ខ័ន្ធរបស់ម៉ា បានទទួលយកនូវកុសលផលបុណ្យដែលចៅឧទ្ទិសជូន ហើយសូមម៉ាបានយោងយកកំណើតក្នុងឋានសុគតិភព ជាឋានសុខក្សេមក្សាន្តត្រជាក់ត្រជុំជាដ៏រាបតទៅ។ អំពើល្អមិនសាបសូន្យ សាមគ្គីជាកម្លាំង។

ជាការកត់សម្គាល់ នេះមិនមែនជាលើកទីមួយនោះទេ ដែលលោកស្រី​ កូវ ច័ន្ទសុវណ្ណារិទ្ធ និងក្រុមការងារនៃ KCR Group បានធ្វើកិច្ចការសប្បុរសធម៌ ពោលសឹងតែគ្រប់កន្លែងដែលមានជនខ្វះខាត គឺគេតែងតែឃើញវត្តមានលោកស្រី និងក្រុមការងារ ចុះជួយជាហូរហែរ។ វប្បធម៌ជួយគ្នាទៅវិញទៅមក ក្នុងពាក្យ៦មាត់ «អំពើល្អមិនសាបសូន្យ» នេះ បានធ្វើឲ្យមហាជនសម្តែងនូវការពេញចិត្តជាខ្លាំង។ ជាពិសេស កោតសរសើរចំពោះទឹកចិត្ត លោកស្រី​ កូវ ច័ន្ទសុវណ្ណារិទ្ធ ដែលមានទឹកចិត្តចែករំលែកបែបនេះ និងជូនពរលោកស្រី ឲ្យកាន់តែមានភាពជោគជ័យក្នុងមុខជំនួញផងដែរ៕