(ភ្នំពេញ)៖ តារាចម្រៀង និងកំប្លែងក្រមិចក្រមើម នាយ ចឺម ទើបតែត្រូវបានគេទម្លាយថា លោកបានខាតបង់ប្រាក់ចំណូលយ៉ាងច្រើន ព្រោះតែបណ្ដាឆាកតន្ត្រីទាំងឡាយ ត្រូវបានផ្អាកទាំងអស់ ដោយសារតែកូវីដ​១៩។ ​ស្រាប់តែពេលនេះ មានដំណឹងមកទៀតហើយថា លោកបានខកបំណង ទៅនឹងគម្រោងចេញទៅច្រៀង និងសម្ដែងនៅអាមេរិក ជាលើកទី២ នៅអំឡុងខែសីហាខាងមុខនេះ ព្រោះតែស្ថានភាពជំងឺផ្លូវដង្ហើមកូវីដ១៩ មិនទាន់ស្ងប់ស្ងាត់​។

ប្រភពព័ត៌មានទម្លាយចេញ ពីផលិតកម្មសាន់ដេ បានឲ្យដឹងថា ​ម្ចាស់បទ «ឆ្នាំឯកា» នាយ ចឺម ធ្លាប់ចេញទៅច្រៀង និងសម្ដែងនៅអាមេរិកម្ដងរួចទៅហើយ កាលពីឆ្នាំមុន តាមរយៈម្ចាស់ Sponsor ដែលជាឪពុកក្មេក អតីតតារាចម្រៀងលោក សេន រ៉ានុត។ ដោយឡែក ឆ្នាំនេះ នាយចឺម បានអាក់ខាកទៅសម្ដែងជាលើកទី២ ព្រោះស្ថានភាពជំងឺកូវីដ​១៩ មិនទាន់ធូរស្បើយ ខណៈដែលមានបណ្ដា Sponsor ប្រទេសផ្សេងៗទៀត ដែលធ្លាប់ទាក់ទងមកលោក ក៏ត្រូវជាប់គាំងដូចគ្នា ទើបធ្វើឲ្យនាយនៅទ្រឹង មួយកន្លែងសិន។

យ៉ាងណាមិញ ទោះបីជាតារារូបនេះ ទើបតែថ្ងូរបាត់ចំណូលជាច្រើនក្នុងខែមេសាកន្លងទៅក្តី និងត្រូវលុបចោលគម្រោងចេញទៅអាមេរិកក្ដី ប៉ុន្តែនាយចឺម ​នៅតែអះអាងថា ​មិនមានផលវិបាក ប៉ះពាល់សេដ្ឋកិច្ចគ្រួសារធ្ងន់ធ្ងរនោះឡើយ ដោយសារតែលោកបានសន្សំលុយពីឆ្នាំមុនៗ សល់ខ្លះដែរ​ បានជាមិនបារម្ភច្រើន បើទោះជា​ត្រូវបង់លុយខ្លះៗទៅធនាគា​ក្ដី។ ​ក្រោយអត់ឆាកធំៗច្រៀងនេះ នាយនៅតែមានការច្រៀងសម្ដែង តាមឆាកទូរទស្សន៍ម្ដងម្កាលជាប្រចាំផងដែរ។

ទោះជាយ៉ាងណា អំឡុងពេលដែលនាយចឺម ផ្អាកចេញច្រៀងសម្ដែងតាមខេត្តនេះ នាយចឺមកាន់តែមានពេលវេលាច្រើន ក្នុងការនែបនិត្យកាយាសង្សារថ្មី គឺ «អូនហ្វា» ដែលធ្វើឲ្យចំណងស្នេហាកាន់តែរឹងមាំ ជាងមុនថែមទៀត បើទោះជា អ្នកទាំងពីរនៅតែគ្មានដំណឹងរៀបការ ឆាប់ៗនេះក្ដី៕