(ចិន)៖ អ្នកចំណូលថ្មី ឬអ្នកទេសចរណ៍ពិតជាភ្ញាក់ផ្អើល ពេលប្រទះឃើញក្របីរាប់រយក្បាលហែលឆ្លងពីទន្លេ នៅទីប្រជុំជន ចៀរលីន សំដៅទៅកាន់ទីតាំងតំបន់ស្មៅខៀវស្រងាត់ស្ថិតក្នុងក្រុងណានឆុង ខេត្តស៊ីឈួន ភាគនិរតីប្រទេសចិន។ នេះបើយោង​តាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN។

នេះជាទិដ្ឋភាពរៀងរាល់ថ្ងៃ​ សំរាប់អ្នករស់នៅទីនេះ តែវាជាទីដ៏គួរឲ្យចាប់អារម្មណ៍ចំពោះអ្នកទេសចរណ៍ ឬអ្នកចំណូលថ្មី។ រូបភាពនេះ​ត្រូវបានផ្ដិតកាលថ្ងៃទី២៩ ខែមេសាកន្លងទៅនេះ ដោយយើងអាចមើលឃើញការធ្វើដំណើរជាហ្វូងរបស់ពពួកសត្វទាំងនោះ សំដៅមកធ្វើការបរិភោគស្មៅនៅក្នុងតំបន់នោះ រៀងរាល់ថ្ងៃរះរហូតដល់ថ្ងៃរៀបលិច ទើបធ្វើដំណើរត្រឡប់ទៅវិញ។ ជាមួយគ្នានេះផងដែរ វាក៏បានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន ដើម្បីមកធ្វើការទស្សនា និងផ្ដិតយកទិដ្ឋភាពដ៏កម្រមួយនេះ៕