(រ៉ូម)៖ ការធ្វើតេស្តរកមេរោគ COVID-19 មុនចូលទីលានហ្វឹកហាត់ ដើម្បីចាប់ផ្តើមលីគ Serie A ឡើងវិញនោះ ស្រាប់តែរកឃើញកីឡាករនៃក្លិប Fiorentina ចំនួន ៣រូបតេស្តវិជ្ជមាននៃជំងឺ COVID-19។

យោងតាមការចេញផ្សាយដោយ BBC បានឲ្យដឹងថា មិនត្រឹមតែកីឡាករ ៣នាក់ដែលត្រូវបានឃើញ COVID-19 ក៏មានបុគ្គលិកនៃក្លិប Fiorentina ៣នាក់ផ្សេងទៀតក៏តេស្តវិជ្ជមានដូចគ្នាមុនពេលចូលទីលានហ្វឹកហាត់ដូចគ្នា បន្ទាប់ពីត្រូវបានរដ្ឋាភិបាលប្រទេសអ៊ីតាលីបើកឲ្យមានការហ្វឹកហាត់ឡើងវិញ ដើម្បីលេងបញ្ចប់រដូវកាល។

ភ្លាមៗនោះដែរ កីឡាករ និងបុគ្គលិកដែលមានផ្ទុក COVID-19 ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកផងដែរ និងត្រូវហាត់ដាច់ៗពីគ្នាទៀតផង សម្រាប់អ្នកដែលតេស្តអវិជ្ជមាន។

ជាមួយគ្នានោះដែរ កីឡាករ ១រូបរបស់ក្លិប Torino ក៏ត្រូវបានធ្វើតេស្តមានផ្ទុក COVID-19 ដូចគ្នានាថ្ងៃពុធ នៅពេលកីឡាករនៃក្លិបនេះបានវិលចូលទីលានហ្វឹកហាត់ត្រៀមលេងបញ្ចប់រដូវកាល Serie A ដែលនៅសល់ ១២ប្រកួតទៀត៕