(ភ្នំពេញ)៖ តារាសម្ដែងលោក អេដវីន ដែលមានឈ្មោះពិតថា យឹត មាសឧស្សាហ៍ ​ត្រូវបានគូស្នេហ៍ដែលជាអតីតប្រពន្ធថៅកែ LD​ គឺអ្នកនាងដែលមានឈ្មោះ នៅលើបណ្ដាញសង្គមថា «Panhchaka June» បានជូនពរផង បង្ហាញក្ដីស្រឡាញ់​ ចំពោះថ្ងៃខួបកំណើតរបស់អេដវីន កាលពីពេលថ្មីៗនេះ ធ្វើឲ្យតារាសិល្បៈរួមអាជីព និងមហាជនជាច្រើន បានសម្ដែងការចាប់អារម្មណ៍ ចំពោះចំណងស្នេហារបស់ពួកគេ ដែលផ្អែមជាងទឹកឃ្មុំខែចែត្រទៅទៀត។

អ្នកនាង Panhchaka June បានថ្លែងសារជូនពរគូស្នេហ៍របស់ខ្លួនថា «រីករាយថ្ងៃខួបកំណើតបងសម្លាញ់ ជូនពរឲ្យបងជោគជ័យគ្រប់ពេល អូនស្រឡាញ់បង»។ ដោយឡែក លោក​ អេដវីន បានតបទៅសង្សារវិញថា «អរគុណម្ចាស់ជីវិត ស្រឡាញ់អូនខ្លាំងណាស់»

តារាប្រុសរូបសង្ហា អេដវីន បានធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នកមេម៉ាយកូន២ ដែលត្រូវបានគេស្គាល់ថា ជាអតីតប្រពន្ធថៅកែ LD​ ហើយបានទាក់ទងគ្នា ក្រោយតារាសម្ដែង អេដវីដ បានថតភាពយន្ដឲ្យផលិតកម្ម LD​ ។ ចំណងស្នេហានេះមិនបានលាក់លៀមទេ គឺបានបើកជាចំហ ហើយអ្នកទាំង២​ បានបង្ហាញការប្រឹងប្រែងសន្សំលុយរៀងៗខ្លួន ដើម្បីត្រៀមរៀបការនៅពេលខាងមុខ។ ចំណែកស្វាមីចាស់របស់អ្នកនាង Panhchaka June លោក លៀក លីដា​ មិនបានតាមព្យាបាទពួកគេឡើយ ព្រោះថាពេលនេះលោករកបានម្ចាស់បេះដូងថ្មី គឺស្រីស្រស់​សាឡាត់ ស្រីឡាង មកស្អំរបួសបេះដូងជំនួសទៅហើយ។

​ប្រភពពីអ្នកសិល្បៈដូចគ្នា បានទម្លាយឲ្យដឹងថា​ តារាសម្ដែង អេដវីន និងគូស្នេហ៍ គឺអ្នកនាង Panhchaka June នឹងដៃគូគ្នាចូលរោងការក្នុងពេលឆាប់ៗខាងមុខនេះហើយ ព្រោះថាពេលនេះ ពួកគេចុះសម្រុងគ្នាណាស់ គឺចិត្ត១ថ្លើម១ ហើយការសន្សំលុយ ក៏បានគួរសម ល្មមនឹងពួកគេរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ដែរ៕