(ភ្នំពេញ)៖ ដើម្បីស្រាយចម្ងល់ និងមន្ទិលសង្ស័យរបស់មហាជនទូទៅ ជាពិសេសអ្នករស់នៅក្នុងមជ្ឈដ្ឋានសិល្បៈដូចគ្នា ចំពោះការបាត់បង់ជីវិត របស់តារាសម្ដែងល្បី ក្នុងទសវត្សរ៍​ ៩០-២០០០​ គឺ​អ្នកនាង ជុំ ចាន់តី ដែលបានស្ថិតក្នុងទីអាថ៌កំបាំង អស់រយៈពេលជាយូរមកហើយនោះ នៅគ្រានេះ តារាចម្រៀង អ្នកនាង ស៊ិន ឧត្តមផល្លា បានចេញមុខអះអាងជាថ្មីថា តារាសម្ដែង ជុំ ចាន់តី ពិតជាបានទទួលមរណភាព កាលពីជាង១០ឆ្នាំមុន ប្រាកដមែន ដោយការស្លាប់នោះ គឺស្ថិតនៅក្នុងប្រទេសកាណាដា។

តាមរយៈផេកហ្វេសប៊ុករបស់អ្នកនាង ស៊ិន ឧត្តមផល្លា មានឈ្មោះថា «Movie Star Research» បានបញ្ជាក់ថា «សម្រាប់​បង​ប្អូន​ដែល​ចង់​ដឹង​អំពី​ដំណឹង​ តារា​សម្ដែង​ផ្នែក​មនោសញ្ចេតនា​ ជុំ​ ចាន់​តី​ នាង​ពិតជា​បាន​ទទួល​មរណភាព​ កាល​ពី​ជាង​១០ឆ្នាំ​មុន​យ៉ាង​ពិត​ប្រាកដ​មែន​ នាង​​ស្លាប់​នៅ​ក្នុង​ប្រទេស​​កាណាដា​ ដោយ​ដំណឹង​នេះ​ត្រូវ​បាន​ផ្ដល់​ដោយ​បងប្អូន​ ដែល​ចូលរួម​ខមមិន​នៅ​ក្នុង​ការ​ផុស​ កាល​ពី​ម្សិលមិញ​នេះ​ ០៧/០៥/២០២០​»

ការស្លាប់របស់តារាសម្ដែង អ្នកនាង ជុំ ចាន់តី ហាក់ស្ថិតនៅក្នុងភាពអាថ៌កំបាំងយូរណាស់មកហើយ ដោយអ្នកសិល្បៈ និងមហាជនខ្លះបានគិតថា នាងកំពុងមានជីវិតនៅឡើយ ហើយគិតថា ដំណឹងនៃការស្លាប់នេះ គឺគ្រាន់តែជាពាក្យចចាមអារ៉ាម និយាយតៗគ្នា ពីមាត់មួយទៅមាត់មួយប៉ុណ្ណោះ។ ដោយសារតែការសួរដេញដោល និងមិនអស់ចិត្តពីម្នាក់ទៅម្នាក់នេះហើយ ទើបអ្នកនាង ស៊ិន ឧត្តមផល្លា បានបង្ហាញរូបភាពតារាសម្ដែង ជុំ ចាន់តី ពីម្សិលមិញនេះ នៅក្នុងផេក ដើម្បីស្វែងរកការពិត តាមរយៈការខមិនចូលក្នុងផេករបស់អ្នកនាង ខណៈដែលអ្នកខមិនស្ទើរតែ១០០% បានបញ្ជាក់ថា តារាសម្ដែង ជុំ ចាន់តី ពិតជាបានស្លាប់មែន។

អ្នកនាង ស៊ិន ឧត្តមផល្លា បានបន្ថែមទៀតថា «យើង​នៅ​ចាំ​បាន​ថា​ ជុំ​ ចាន់​តី​ គឺជា​តារា​សម្ដែង​ផ្នែក​មនោសញ្ចេតនា​ បាន​យ៉ាង​ស័ក្តិសម​ តាំង​ពី​ទសវត្សរ៍​ ៩០-២០០០ នៅ​ក្នុង​បទ​ចម្រៀង​កាយវិការ​ ខារ៉ាអូខេ​ ស្ទើរ​តែ​គ្រប់​ផលិតកម្ម​ និង​សម្ដែង​រឿង​ជា​ច្រើន​ ហើយរឿង​ដែល​ធ្វើ​ឲ្យ​មហា​ជន​ស្គាល់​នាង​យ៉ាង​ច្បាស់​ គឺ​រឿង​ «ទុំទាវ»​ ដោយ​នាង​សម្ដែង​ជា​តួ​ នាង​នោ​ នៅ​ក្នុង​ផលិតកម្ម​ SSB របស់​លោក​ ហ្វៃ​ សំអាង​»