(ភ្នំពេញ)៖ តារាសម្តែងស្រីសាច់សខ្ចី រាងខ្ពស់ស្រឡះ ទឹកមុខទាក់ទាញមានមន្តស្នេហ៍ កញ្ញា គីម ស៊ីវឡាម ត្រូវបានទស្សនិកជនសង្កេតឃើញថា បច្ចុប្បន្នការងារសិល្បៈហាក់ឡើងយ៉ាងខ្លាំង ជាពិសេសនោះគឺមានវត្តមាន ច្រើនក្នុង MV ចម្រៀងរបស់ផលិតកម្មល្បីៗតែម្តង។ យ៉ាងណាមិញ នៅក្នុងថ្ងៃនេះស្រីស្អាត គីម ស៊ីវឡាម បានធ្វើឲ្យអ្នកនិយមតាមដានបណ្ដាញសង្គម មានការចាប់អារម្មណ៍ និងងឿងឆ្ងល់ជាខ្លាំង ខណៈដែលសុខៗ ស្រីស្អាតរូបនេះ បានបង្ហោះសារប្លែកថា នាងគ្មានពាក្យថាស្ដាយស្រណោះ ទាំងរឿងស្នេហា ឬការរាប់អាន បើសិនជាធ្វើឲ្យនាងឆ្អែតឆ្អន់។

ជាការពិតនៅមុននេះបន្តិច តារាសម្ដែងស្រីសិចស៊ី កញ្ញា គីម ស៊ីវឡាម បានសរសេរថា «គ្មានពាក្យថាស្ដាយស្រណោះ ទាំងរឿងស្នេហា ឬការរាប់អាន បើសិនជាធ្វើឲ្យខ្ញុំឆ្អែត» មិនត្រឹមតែប៉ុណ្ណោះ ស៊ីវឡាម ថែមទាំងសង្កត់ធ្ងន់ទៀតថា «មនុស្សខ្ញុំមិនល្អតែក៏មិនអាក្រក់ អាចថាចិត្តដាច់តាំងពីដើម ស្គាល់ខ្ញុំឲ្យច្បាស់»។ តាមរយៈសារនេះ ប្រិយមិត្តទស្សនិកជន អ្នកគាំទ្រជាច្រើនបាន​បង្ហាញពីការងឿងឆ្ងល់ ថាមានរឿងអ្វីបានជាសុខៗស្រីស្អាត គីម ស៊ីវឡាម បង្ហោះនូវសារប្លែកបែបនេះ អាចពាក់ព័ន្ធនឹងរឿងរ៉ាវស្នេហាឬយ៉ាងណា ព្រោះស្រីស្អាតរូបនេះ ក៏មានគូកំណាន់ចិត្តរួចហើយដែរ។

ពិតណាស់​កន្លងមក គេនៅចាំបានថា ស្រីស្អាត គីម ស៊ីវឡាម ធ្លាប់បានសារភាពថា មានម្ចាស់បេះដូងរួចហើយ ដោយបានភ្ជាប់ទំនាក់ទំនងជាមួយគ្នាអស់រយៈពេល ៦ឆ្នាំមកហើយ ខណៈគូស្នេហ៍បណ្តូរចិត្តរបស់នាងមិនមែន ជាអ្នកសិល្បៈនោះទេ ពោលគឺជាអ្នកធ្វើការធម្មតា ជាហេតុធ្វើឲ្យទស្សនិកជន សង្ស័យថា នាងអាចនឹងមានរឿងរ៉ាវជាមួយគូស្នេហ៍នាង ទើបបានជាសុខៗនាងបញ្ចេញនូវសារបែបនេះ។ យ៉ាងណាមិញ នេះគ្រាន់តែជាការសង្ស័យ របស់ទស្សនិកជនតែប៉ុណ្ណោះ។

តាមរយៈខ្លឹមសាររបស់ ស្រីស្អាត គីម ស៊ីវឡាម ហាក់បង្ហាញឲ្យឃើញថា នាងគឺជាមនុស្សចិត្តដាច់ខ្លាំង ទៅលើទាំងរឿងស្នេហា ឬការរាប់អាន បែបមិត្តភាពប៉ុណ្ណោះទេ បើសិនជាធ្វើឲ្យនាងឆ្អែតចិត្តហើយ នាងគ្មានពាក្យថា សោកស្ដាយជាដាច់ខាត៕