(មេនឆេស្ទើ)៖ ខ្សែបម្រើប្រយុទ្ធ Odion Ighalo បានបង្ហើបពីការចង់បន្តកិច្ចសន្យាជាមួយក្លិប Manchester United ដើម្បីបានលេងរហូតដល់ចង់ Premier League រដូវកាលឆ្នាំ២០១៩-២០២០។

កិច្ចសន្យារបស់កីឡាករនីហ្សេរីយ៉ា វ័យ ៣០ឆ្នាំខាងលើនេះ នឹងផុតកំណត់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ដ៏ខ្លីខាងមុខនេះ ដែលជាការខ្ចីជើងពីក្លិបចិន Shanghai Shenhua កាលពីខែមករា ឆ្នាំ២០២០ នៅអំឡុងដែលបញ្ហាជំងឺផ្លូវដង្ហើមប្រភេទថ្មី បានកំពុងផ្ទុះខ្លះនៅប្រទេសស្ថិតនៅទ្វីបអាស៊ីមួយនេះ។

ជាមួយគ្នានោះ Ighalo បានថ្លែងប្រាប់ BBC ថា «ខ្ញុំចង់លេងបញ្ចប់រដូវនៅទីនេះក្នុងក្លិប Man Utd ប្រសិនបើអាចទៅបាន។ ការលេងនៅទឹកដី Old Trafford វាធ្វើឲ្យខ្ញុំមានទម្រង់លេងកើនឡើង និងអាចរកគ្រាប់បានជាបន្តបន្ទាប់ និងសង្ឃឹមបានលេងរហូតដល់ចង់រដូវកាលទៀតដែរ»

តាមគម្រោង Premier League នឹងចប់ផ្តើមប្រកួតឡើងវិញចាប់ពីខែមិថុនា ដែលមានន័យថា Ighalo នឹងមិនអាចចូលលេងបានឡើយ ដោយសារតែកិច្ចសន្យារបស់គេផុតកំណត់ត្រឹមថ្ងៃទី៣១ ខែឧសភា និងអាចត្រឡប់ទៅលេងឲ្យក្លិបចិន ដែលមិនទាន់រកឃើញថ្ងៃត្រឡប់មកវិញនៅឡើយទេ៕