(ប៉ារីស)៖ កីឡាករខ្សែប្រយុទ្ធ Kylian Mbappe ត្រូវបានផ្តល់ស្បែកជើងមាសក្នុងនាមអ្នករកបាន ១៨គ្រាប់ច្រើនជាងគេនៅ Ligue 1 នារដូវកាលឆ្នាំ២០៩-២០២០ ដែលស្មើនឹងខ្សែប្រយុទ្ធ Wissam Ben Yedder បើទោះបីជាលីគកំពូលបារាំងមួយនេះត្រូវបានរំសាយចោល ដោយសារវិបត្តិ COVIC-19 ក៏ដោយ។

យោងតាមសារព័ត៌មាន Dailymail របស់អង់គ្លេសបានចេញផ្សាយថា មន្រ្តីក្របខណ្ឌលីគកំពូលបារាំងបានសម្រេចផ្តល់ស្បែកជើងមាស Golden Boot ឲ្យទៅកីឡាករវ័យ ២១ឆ្នាំ Mbappe ដែលកំពុងលេងឲ្យក្លិប Paris Saint-Germain ស្មើកីឡាករ Wissam Ben Yedder របស់ក្លិប Monaco តែ Yedder មាន ៣គ្រាប់ដែលរកបានដោយការទាត់បាល់ប៉េណាល់ទី ១១ម៉ែត្រ។

តែយ៉ាងណាសាម៉ីខ្លួន Mbappe ចង់ឲ្យមានការ Share រវាងស្បែកជើងមាសទៅឲ្យកីឡាករខ្សែប្រយុទ្ធដូចគ្នា Wissam Ben Yedder ផងដែរ ដូចគ្នា Premier League របស់អង់គ្លេសធ្លាប់បានធ្វើកាលពីរដូវកាលមុនដោយបានផ្តល់ឲ្យ Sadio Mane, Mohamed Salah របស់ក្លិប Liverpool និង Aubameyang ដែលទទួលបានស្បែកជើងមាសដូចៗគ្នា ក្នុងចំណោមគ្រាប់បាល់ ២២គ្រាប់ស្មើគ្នា។

បន្ថែមលើនេះ PSG ក៏ត្រូវបានប្រគល់ពាន Ligue 1 នារដូវកាលនេះផងដែរ ក្នុងខណៈនាំមុខដាច់កំពូលតារាង ១២ពិន្ទុ តែជារដូវកាលទី១ សម្រាប់ Wissam Ben Yedder ក្នុងការលេងឲ្យ Monaco ក្រោយផ្ទេរចេញពីក្លិបអេស្ប៉ាញ Sevilla នារដូវកាលមុន៕