(បរទេស)៖ ផលិតកម្ម YG បានបញ្ជាក់ថា ខាងផលិតកម្មបានទទួលនូវសារគំរាមសម្លាប់ Lisa សមាជិកក្រុម BLACKPINK ពីជនអនាមិក ហើយបច្ចុប្បន្នកំពុងប្រមូលភស្តុតាងបន្ថែម ដើម្បីបញ្ចូនទៅកាន់តុលាការ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Soompi នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០។

ជាការពិតណាស់ ថ្មីៗនេះ មានជនអនាមិក បង្ហោះនៅលើបណ្តាញសង្គម ដោយនិយាយថា នឹងបាញ់សម្លាប់ Lisa នៅពេលដែលក្រុម BLACKPINK វិលវិញជាមួយអាល់ប៊ុមថ្មី នៅខែមិថុនាខាងមុខ។ បន្ទាប់ពីសារទាំងនោះ ត្រូវបានបង្ហោះភ្លាម ធ្វើឲ្យបណ្តាអ្នកគាំទ្រ Lisa មានការព្រួយបារម្ភជាខ្លាំង។ ជាក់ស្តែង អ្នកគាំទ្រ Lisa នៅប្រទេសចិន បានផ្ញើរសារទៅកាន់វេបសាយផ្លូវការរបស់ផលិតកម្ម YG អំពីបញ្ហានេះ ដើម្បីទប់ស្កាត់ ក៏ដូចជាបន្ថែមការការពារចំពោះ Lisa និងសមាជិក BLACKPINK ដទៃទៀត។

លើសពីនេះអ្នកគាំទ្ររបស់ Lisa នៅតាមបណ្តាលប្រទេសផ្សេងៗទៀត បានផ្ញើរសារ ទៅកាន់ស្ថានទូតថៃប្រចាំនៅប្រទេសកូរ៉េ ឲ្យយកចិត្តទុកដាក់លើបញ្ហានេះ ព្រោះវាមិនមែនរឿងធម្មតាឡើយ ដែលមានការគំរាមគំហែងដល់អាយុជីវិតបែបនេះ។

គួរបញ្ជាក់ថា ក្រោយពីទទួលបានសារជាច្រើនពីអ្នកគាំទ្រហើយនោះ កាលពីថ្ងៃទី០៧ ខែឧសភា ស្ថានទូតថៃក៏បានបង្ហោះនៅលើ គណនី Twitter ផ្លូវការយ៉ាងដូច្នេះថា «យើងទទួលបានសារ តាមរយៈ Email និង Twitter ជាច្រើន នៅថ្ងៃទី ០២-០៦ ខែឧសភា ទាក់ទងនឹងការគំរាមកំហែងពីជនអនាមិក ទៅលើ Lisa។ យើងក៏បានជូនដំណឹងនេះ ទៅកាន់ផលិតកម្ម YG ផងដែរ»

លើសពីនេះ មន្ត្រីស្ថានទូតថៃ បានបញ្ជាក់តាមទូរស័ព្ទជាមួយបណ្តាញសារព័ត៌មានកូរ៉េខាងត្បូងថា ព័ត៌មានគំរាមកំហែង Lisa ដែលបានបង្ហោះនៅលើបណ្តាញសង្គម Twitter គឺជារឿងដែលត្រូវយកចិត្តទុកដាក់បំផុត។ ហើយស្ថានទូតថៃ បានសម្រេចធ្វើការលើបញ្ហានេះ ពីព្រោះ Lisa ជាជនជាតិថៃ។ ជាក់ស្តែង ដើម្បីធានាសុវត្ថិភាព និងការការពារសិល្បករ ព្រមទាំងអ្នកគាំទ្រ ខណៈនេះ យើងបាននឹងកំពុងប្រមូល និងពិនិត្យភស្តុតាងតាមរយៈការត្រួតពិនិត្យទិន្នន័យជាទៀងទាត់ និងរបាយការណ៍ជាច្រើនទៀត ពីអ្នកគាំទ្រ Lisa។

គួរបញ្ជាក់ថា ក្រោយពីទទួលបានសារជាច្រើន ពីបណ្តាលអ្នកគាំទ្រ និងស្ថានទូតថៃទាក់ទងនឹងបញ្ហានេះ ផលិតកម្ម YG បាននិយាយថា «នៅពេលនេះ យើងកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីធានាសុវត្ថិភាព និងការពារសិល្បករ និងអ្នកគាំទ្ររបស់យើង។ មួយវិញទៀត យើងក៏កំពុងប្រមូល និងឆ្លងកាត់ព័ត៌មាន ដែលបានផ្ញើមកយើងដោយអ្នកគាំទ្រផងដែរ។ យើងនឹងចាត់វិធានការយ៉ាងខ្លាំងក្លាប្រឆាំងនឹងការគំរាមកំហែងទាំងនេះ»