(ភ្នំពេញ)៖ ទោះខកខានប្រមូលផ្ដុំហ្វឹកហាត់ជុំគ្នាជាច្រើនសប្ដាហ៍ក្ដី តែកីឡាករសញ្ជាតិកូឡុំប៊ី Andres Nieto មិនបារម្ភអ្វីឡើយ ផ្ទុយទៅវិញគេបានបង្ហាញសុទិដ្ឋិនិយមខ្ពស់លើខ្លួនឯង និងមិត្តរួមក្រុមថា នឹងត្រៀមខ្លួនបានល្អក្នុងការរក្សាសមត្ថភាពត្រៀមស្វាគមន៍ការត្រឡប់មកវិញ នៃការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២០។
សមាជិកក្លិបភ្នំពេញក្រោនខាងលើបាននិយាយថា «សម្រាប់ខ្លួនខ្ញុំផ្ទាល់ តែងតែធ្វើការហ្វឹកហាត់ជាប្រចាំ ដូច្នេះខ្ញុំគិតថាគុណភាពនៃការលេងរបស់ខ្ញុំនៅតែដដែល ឬអាចថាប្រសើរជាងមុនផង។ ខ្ញុំមិនមានការព្រួយបារម្ភអ្វីនោះទេ ព្រោះខ្ញុំជឿលើក្រុមរបស់ខ្ញុំថានឹងនៅតែធ្វើបានល្អជាមួយនឹងការប្រកួតបន្តបន្ទាប់។ ពួកយើងម្នាក់ៗតែងតែមានការត្រៀមខ្លួនជានិច្ច ដូច្នេះប្រសិនមានការប្រកួតនៅថ្ងៃស្អែកនេះ យើងមិនមានបញ្ហាអ្វីទាំងអស់»។
ខ្សែប្រយុទ្ធកូឡុំប៊ីដំបូងគេដែលមកប្រកបអាជីពនៅកម្ពុជាដដែលបន្ថែមថា «ដោយសារតែមេរោគកូវីដ១៩ ទើបធ្វើឲ្យពួកយើងមានការលើកការប្រកួត ហើយក្រុមពួកយើងមិនបានហាត់ជុំគ្នាជាច្រើនសប្តាហ៍មកហើយ។ ប៉ុន្តែខ្ញុំគិតថា យើងជាកីឡាករអាជីព យើងត្រូវដឹងនូវអ្វីដែលយើងត្រូវធ្វើ ដោយហ្វឹកហាត់ខ្លួនឯងជាប់ជានិច្ច។ យើងម្នាក់ៗដឹងពីអ្វីដែលយើងចង់បាន និងប្រាកដណាស់ នេះជាពេលវេលាដែលយើងត្រូវតែធ្វើការផ្លាស់ប្តូរបច្ចេកទេសមួយចំនួន ក៏ដូចជាពង្រឹងកាយសម្បទារបស់ខ្លួនឯងផងដែរ»។
គួរដឹងថា បច្ចុប្បន្នស្របពេលលីគកំពូលកម្ពុជា ពុំទាន់មានភ្លើងខៀវក្នុងការដំណើរការប្រកួតឡើងវិញ ក្លិបភ្នំពេញក្រោន ក៏ពុំទាន់ត្រឡប់ចូលជំរុំហ្វឹកហាត់វិញដែរ ហើយគ្រូបង្វឹកលោក ស៊ុ វណ្ណា បានដាក់ផែនការហ្វឹកហាត់ជាប្រចាំសម្រាប់កូនក្រុមអនុវត្តតាមផ្ទះ ក្នុងន័យចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (Covid-19)។ ប៉ុន្ដែមុនលីគផ្អាកការប្រកួតបណ្ដោះអាសន្ន Andres Nieto បានរួមចំណែកជួយអតីតក្រុមជើងឯក ៦សម័យ ឈរកំពូលតារាង ក្រោយឆ្លងកាត់ ៥ប្រកួត ឈ្នះ៤ និងស្មើ១ រកបាន ១៣ពិន្ទុ៕