(ញូវយ៉ក)៖ ក្រុមបាល់ទាត់ស្រ្តីអាមេរិកប្រមាណ ២៨នាក់បានដាក់ពាក្យប្តឹងសហព័ន្ធរបស់ខ្លួនទៅកាន់តុលាការ ជុំវិញការបាត់ប្រាក់ឧបត្ថម្ភចំនួន ៦៦លានដុល្លារស្មើទៅនឹងក្រុមបុរស ទៅលើជ័យជម្នះដែលពួកគេធ្វើបានកាលពីឆ្នាំ២០១៩ កន្លងទៅ។
លោកស្រី Molly Levinson អ្នកនាំពាក្យក្រុមបាល់ទាត់ស្រ្តីបានថ្លែងប្រាប់ BBC នៅថ្ងៃនេះថា ពាក្យបណ្តឹងត្រូវបានបញ្ជូនទៅដល់ដៃតុលាកាលពីថ្ងៃសុក្រសប្តាហ៍មុនរួចហើយ ដើម្បីស្វែងរកប្រាក់ចំនួន ៦៦លានដុល្លារបន្ថែមទៀត ក្រោមការគ្រប់គ្រងដោយ Equal Pay Act ដែលជាប្រាក់ឧបត្ថម្ភស្មើនឹងបុរស។
អ្នកនាំពាក្យខាងលើបានថ្លែងថា «មូលនិធិ Equal Pay មានន័យថា ដែលក្រុមបាល់ទាត់ស្រ្តីអាមេរិកត្រូវទទួលបានប្រាក់ឧបត្ថម្ភ ស្មើនឹងក្រុមបាល់ទាត់បុរសដែរទៅលើជ័យជម្នះដូចគ្នា និងក៏ត្រូវបានលើកទឹកចិត្តបន្ថែមទៀតដែរ ប្រសិនបើឈ្នះចាប់ពី ២ប្រកួតឡើងទៅ»។
កន្លងមក សហព័ន្ធបាល់ទាត់អាមេរិក USSF បានធ្វើការឧបត្ថម្ភប្រាក់ដល់ក្រុមបាល់ទាត់ស្រ្តីអាមេរិក តិចជាងក្រុមបុរស ក្នុងចំណោមដែលទទួលបាន់ជ័យជម្នះដូចគ្នា ដែលធ្វើឲ្យកីឡាការិនីខ្សែប្រយុទ្ធដែលឈ្នះពានបាល់មាស និងស្បែកជើងមាសកាលពី World Cup 2019 នៅប្រទេសបារាំងនោះសរសេរបង្ហោះនៅលើ Twitter របស់ខ្លួនថា «យើងនៅតែបន្តធ្វើការតវ៉ាចំពោះភាពលំអៀងមួយនេះទៀត»។
គួរបញ្ជាក់ផងថា បាល់ទាត់ស្រ្តីអាមេរិកបានឈរនៅចំណាត់ថ្នាក់លេខ១ ពិភពលោកក្នុង FIFA ដែលបានឈ្នះជើងឯក World Cup ចំនួន ៤ដងច្រើនជាងគេ ក្នុងនោះក៏ធ្លាប់ឈ្នះមេដាយមាសនៅ Olympic Games ចំនួន ៥សម័យកាលថែមទៀតផង គ្រាដែលផ្នែកបុរសមិនដែលឈ្នះសូម្បីតែ ១ដង អស់ណាស់ត្រឹមឡើងដល់វគ្គ ៨ក្រុមកាលពី World Cup 2002 និងជាប់លេខ៣ ម្តងកាលឆ្នាំ១៩៣០ តែប៉ុណ្ណោះ៕