(ភ្នំពេញ)៖ តារាសម្ដែងសិចស៊ី កញ្ញា ណាតាយ៉ា បានបង្ហាញអារម្មណ៍ភ័យផងអរផង ខណៈដែលបានឱកាសសម្ដែង ក្នុងបទចម្រៀងរបស់ DJ Cake លើកដំបូង ដោយមានទាំងឈុតសិចស៊ី និងឈុតបុរាណ ដែលធ្វើឲ្យនាងប្លែកអារម្មណ៍ ព្រោះមិនធ្លាប់បានជួប។
នៅក្នុង MV បទចម្រៀងថ្មីនេះ ត្រូវបាន ឌីជេ ខេក ប្រាប់ឲ្យដឹងថា លោកបានបញ្ចូលនូវឈុតឆាកប្លែកៗជាច្រើន ក្នុងនោះមានឈុតយក្សាវាយជាមួយនឹងជ្រូកប៉ាជេ ដែលមានរូបលោកជាអ្នកសម្ដែងផ្ទាល់ ខណៈដែលបទចម្រៀងត្រៀមនឹងចេញនេះ នឹងមិនធ្វើឲ្យទស្សនិកជន អ្នកទស្សនា ខកចិត្តនោះឡើយ។
DJ Cake បានបន្តទៀតថា លោកបានផ្អាកមិនចេញបទចម្រៀង អស់រយៈពេលជាច្រើនខែមកហើយ ព្រោះតែលោកជាប់រវល់នឹងការងារផ្ទាល់ខ្លួន ជាពិសេសគឺការងារជំនួញរកស៊ីរបស់លោក ដោយថ្មីៗនេះ លោកបាននាំចូលនូវផលិតផលទឹកផ្លែឈើ Cherry Juice មកពីប្រទេសកាណាដា ដើម្បីចរាចរលក់លើទីផ្សារនៅក្នុងប្រទេសកម្ពុជាផ្ដាច់មុខ។
ទោះបីជាយ៉ាងណា ដើម្បីកុំឲ្យស្ងាត់នៅលើទីផ្សារសិល្បៈ លោកបានសម្រេចបញ្ចេញនូវចម្រៀងថ្មីមួយ ដែលច្រៀងដោយរូបលោក និង MC BLACK ហើយបានចាប់ដៃគូជាមួយនឹងតារាសម្ដែងណាតាយ៉ា ជាលើកដំបូង ធ្វើឲ្យនាងមានអារម្មណ៍ថា ប្លែកព្រោះតែឈុតឆាកនៅក្នុងបទចម្រៀង ដែលលោករៀបចំ និងដឹកនាំសមម្ដែងដោយខ្លួនឯង។
លោកសង្ឃឹមថា បទថ្មីនេះ នឹងធ្វើឲ្យកក្រើក ហើយទទួលបានការគាំទ្រច្រើន ពីអ្នកទស្សនា ព្រោះតាមរយៈបទចម្រៀងជាច្រើន ដែលលោកធ្លាប់បានច្រៀង និងសម្ដែងនាពេលកន្លងមក គឺមានការគាំទ្រច្រើន ខណៈដែលទស្សនិកជន ក៏ចង់ឲ្យលោកបញ្ចេញបទចម្រៀង ឲ្យបានច្រើនហូរហែដូចពេលមុនៗនោះដែរ៕