(ឡុងដ៍)៖ ក្លិបមាន់ខ្នាយមាស Tottenham Hotspur នៃលីគកំពូលអង់គ្លេសបានបង្ហាញថា ក្លិបនឹងមិនលក់ចេញខ្សែបម្រើ Tanguy Nsombele ក្នុងតម្លៃត្រឹមតែ ៥៥លានផោននោះទេ ទោះបីជាបច្ចុប្បន្នមានក្លិបធំៗ ២ចាប់អារម្មណ៍ចង់បាន និងត្រៀមធ្វើឡើងនៅទីផ្សារដោះដូរនារដូវក្តៅខាងមុខក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ Dailymail នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។

ខ្សែបម្រើ Ndombele ត្រូវបានក្លិបមាន់ខ្នាយមាស Tottenham ចង់រក្សាទុកដោយត្រៀមបន្តកិច្ចសន្យាថ្មីជាមួយរូបគេនៅទីផ្សារដោះដូរខាងមុខ ខណៈរូបគេត្រូវបានក្លិបអេស្ប៉ាញ FC Barcelona និងក្លិបរួមលីគ Premier League ក្រុមហង្សក្រហម Liverpool បានចាប់អារម្មណ៍ព្យាយាមចុះកិច្ចសន្យាលើរូបគេ តែក្លិប Tottenham បានបញ្ជាក់ថា ក្លិបនឹងមិនអនុញ្ញាតឲ្យមានការចុះកិច្ចសន្យាណាមួយលើ Ndombele ទាំងលក្ខខណ្ឌខ្ចីជើងក៏ដោយ។

ខ្សែបម្រើវ័យ ២៣ឆ្នាំសញ្ជាតិបារាំង Ndombele បានឈានជើងចូលមកកាន់ក្លិប Totteham កាលពីរដូវកាលមុនក្នុងតម្លៃប្រមាណ ៦០លានអឺរ៉ូពីក្លិបបារាំង Lyon ដោយទើបបានបង្ហាញខ្លួន ១៩ប្រកួត និងរកបានតែ ២គ្រាប់ប៉ុណ្ណោះ ក្នុងនោះបានលើកពានរង្វាន់ Audi Cup ១លើកជាមួយ Spurs ផងដែរ៕