(ម៉ាឌ្រីដ)៖ លោក Javier Tebas ប្រធានក្របខណ្ឌ La Liga មានក្តីរំពឹងថា លីគបាល់ទាត់អេស្ប៉ាញ អាចនឹងចាប់ផ្តើម ដ៏លឿនបំផុតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ខាងមុខ ដ្បិតតាមគម្រោងកំណត់យកថ្ងៃទី២០ ខែមិថុនាជាការវិលវិញ ដើម្បីលេងបញ្ចប់រដូវកាលឆ្នាំ២០១៩-២០២០ ក្នុងចំណោម ១១ប្រកួតដែលនៅសល់។

បុរសសញ្ជាតិអេស្ប៉ាញខាងលើនេះបានថ្លែងប្រាប់ BBC ថា «ខ្ញុំចង់ធ្វើវា ចាប់ផ្តើមត្រឹមថ្ងៃទី១២ មិថុនាតទៅ។ ក្នុងអំឡុងពេលនេះ (១២ មិថុនា) យើងត្រូវតែប្រុងប្រយ័ត្នខ្ពស់បំផុត។ លើសពីនេះទៀត វាក៏អាស្រ័យកត្តាផ្សេងៗទៀតនៅអេស្ប៉ាញដែរ ទាំងហានិភ័យនៃការជួបជុំ កត្តាមួយចំនួនដែលមិនបណ្តាលមកពីបាល់ទាត់ជាដើម»

លោក Tebas បានសង្កត់ធ្ងន់ថា ការធ្វើតេស្តមុនចូលទីលានហ្វឹកហាត់ ក៏ដូចជាប្រកួតផ្លូវការនោះ នឹងបន្តធ្វើដដែល បើទោះបីជាលេងបិទទ្វារកីឡដ្ឋានក៏ដោយ ដោយលោកសង្ឃឹមថា តេស្តវិជ្ជមាននៃ COVID-19 នឹងធ្លាក់មកនៅ Zero ផងដែរ។

អេស្ប៉ាញ ជាប្រទេសរងគ្រោះដោយសារវិបត្តិ COVID-19 ឈរនៅចំណាត់ថ្នាក់លេខ២ លើសកលលោក បន្ទាប់ពីអាមេរិក ដែលមានអ្នកឆ្លងសរុបកើនដល់ ២៦៤៦៦៣ករណី ក្នុងនោះបណ្តាលឲ្យស្លាប់មានចំនួន ២៦៦២១នាក់គិតត្រឹមថ្ងៃទី១១ ខែឧសភាម្សិលមិញ និងបានធ្វើតេស្តកីឡាករ ៥នាក់មានផ្ទុកជំងឺផ្លូវដង្ហើមខាងលើកាលពីថ្ងៃអាទិត្យនៅមុនពួកគេវិលចូលទីលានហ្វឹកហាត់៕