(ភ្នំពេញ)៖ អ្នកចាំទីវ័យក្មេង គង់ ភ័ត្រា បានសម្ដែងក្តីសប្បាយចិត្តជាខ្លាំង ក្រោយបានឡើងលេងក្រុមធំនៃក្លិបវិសាខា ពិសេសបានសម្រេចក្ដីស្រមសមុនការកំណត់កន្លះឆ្នាំ ដែលជំរុញឲ្យរូបគេទទួលបានបទពិសោធន៍ល្អៗជាច្រើន និងអភិវឌ្ឍន៍សមត្ថភាពកាន់តែរីកចម្រើនទៀតផង។
អតីតយុវជនសាលាបាល់ទាត់ជាតិបាទីនិយាយថា «ក្ដីស្រមៃរបស់ខ្ញុំ ក្រោយចូលរួមជាមួយយុវជន U-17 វិសាខា ខ្ញុំដាក់គោលដៅ ១ឆ្នាំកន្លះ ដើម្បីឡើងមកក្រុមធំ តែបានត្រឹម ១ឆ្នាំ ខ្ញុំបានសម្រេចក្ដីស្រមៃនេះ។ ខ្ញុំពិតជាសប្បាយចិត្ត សំខាន់បានធ្វើឲ្យខ្ញុំទទួលបាននូវបទពិសោធន៍ល្អៗច្រើន ព្រោះមានការប្រកួតប្រជែងច្រើនជាងមុន ពោលគឺធ្វើឲ្យខ្ញុំបានស្គាល់កាន់តែច្បាស់ថា អ្វីទៅជាបាល់ទាត់»។
«ការឡើងមកក្រុមធំនេះដែរ ខ្ញុំអត់ទាន់ផ្ដោតរឿងបានលេង ឬមិនបានលេងទេ សំខាន់ខ្ញុំខិតខំប្រឹងប្រែងឲ្យបានខ្លាំង។ មួយទៀត។ ខ្ញុំរីករាយក្នុងការហ្វឹកហាត់ជាមួយសិស្សច្បង កែវ សុខសិលា និង ជា វណ្ណសាក់ ពេលខ្ញុំមានកំហុស គាត់តែងលើកទឹកចិត្ត និងផ្ដល់បទពិសោធន៍ល្អៗដល់រូបខ្ញុំ។ និយាយរួមមួយរយៈពេលខ្លីនេះ ទោះបីខ្ញុំមិនទាន់បានបង្ហាញខ្លួនក្នុងការប្រកួតផ្លូវការក៏ពិតមែន តែខ្ញុំសប្បាយចិត្ត ព្រោះខ្ញុំសង្កេតឃើញសមត្ថភាពខ្ញុំរីកចម្រើនច្រើនជាងមុន»។ ភ័ត្រា បន្ថែម។
គួរដឹងថា គង់ ភ័ត្រា បានផ្ទេរពីមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី មកក្លិបវិសាខា កាលពីចុងឆ្នាំ២០១៨ ក្នុងនាមសមាជិកក្រុមយុវជន U-17 គ្រានោះគេបានរួមចំណែកជួយក្រុម U-17 វិសាខា ឈ្នះពានយុវជនជាច្រើន។ ដោយមើលឃើញពីការខិតខំប្រឹងប្រែងរបស់គេនេះហើយ ទើបវិសាខា ដំឡើងគេមកលេងក្រុមធំ នៅចុងឆ្នាំ២០១៩ ក្នុងនាមអ្នកចាំទីដៃទី៣ បន្ទាប់ពីសិស្សច្បង កែវ សុខសិលា និង ជា វណ្ណសាក់៕