(ឡុងដ៍)៖ បណ្តាក្លិបលេងនៅក្របខណ្ឌលីគកំពូលអង់គ្លេស Premier League បានរាយការណ៍មកថា ពួកគេបានកំពុងប្រឈមខាតបង់ប្រាក់ ៣៤០លានផោន ស្មើនឹង ៤២០លានដុល្លារ ទៅឲ្យប្រព័ន្ធផ្សព្វផ្សាយវិញ បើទោះបីជាការប្រកួតត្រឡប់មកវិញក្តី។
Premier League នឹងចាប់ផ្តើមប្រកួតឡើងវិញ ដើម្បីបញ្ចប់រដូវកាលឆ្នាំ២០១៩-២០២០ ក្រោយពេលផុតបម្រាមជួបជុំនៅថ្ងៃទី០១ ខែមិថុនាខាងមុខ តែការប្រកួតត្រូវបានធ្វើឡើងដោយបិទទ្វារ និង១សប្តាហ៍ ប្រកួត ៣ដងឡើងទៅ ដែលផ្ទុយពីកាលបរិច្ឆេទចាស់ ដែលក្នុង ១សប្តាហ៍ ប្រកួត១ដង និងច្រើនបំផុត ២ដងប៉ុណ្ណោះ។
កត្តាទាំងនេះ ដែលធ្វើឲ្យខុសលក្ខខណ្ឌជាមួយនឹងកិច្ចសន្យា ដែលបានចុះជាមួយប្រព័ន្ធផ្សព្វផ្សាយជារៀងរាល់ឆ្នាំ និងបាត់បង់ចំណូលយ៉ាងច្រើនពីការលក់សំបុត្រថែមទៀតផង។
លោក Richard Masters ប្រធានប្រតិបត្តិ Premier League ធ្លាប់បានលើកឡើងថា ក្លិបនៅ Premier League នឹងខាតបង់យ៉ាងហោចណាស់ ១ពាន់លានដុល្លារ លីគកំពូលអង់គ្លេសមួយមិនអាចប្រកួតបញ្ចប់រដូវកាលឆ្នាំ២០១៩-២០២០ ដោយពេញលេញទេនោះ និងខាតបង់ត្រឹមតែ ៣៤០លានផោន ប្រសិនបើលេងបិទទ្វារ៕