(ឡុងដ៍)៖ ក្លិបបាល់ទាត់សារិកាព្រៃ Newcastle United បានរៀបចំកញ្ចប់ទឹកប្រាក់មានត្រឹមតែ ៥៣លានផោន ស្មើនឹង ៦៥លានដុល្លារ ដើម្បីទិញកីឡាករខ្សែប្រយុទ្ធ Gareth Bale របស់ក្លិបអធិរាជស Real Madrid ប្រសិនបើដំណើរការនៃការប្តូរម្ចាស់ថ្មីប្រព្រឹត្តទៅដោយរលូននោះ។

តាមរយៈសារព័ត៌មាន Dailymail បានចុះផ្សាយថា ក្លិបអង់គ្លេស Newcastle United មានបំណងយកកីឡាករវ៉េល ខាងលើនេះត្រឡប់មក Premier League ក្រោយដឹងថា Bale មិនសប្បាយចិត្តជាច្រើនរដូវកាលមកហើយនៅប្រទេស អេស្ប៉ាញ ហើយក៏រំពឹងថា នឹងចាកចេញពី Real Madrid ក្នុងរដូចកាលដោះដូរកីឡាករនាខែកក្កដាខាងមុខដែរ។

តែបើយោងតាមការចុះផ្សាយរបស់ FourFourTwo report បានឲ្យដឹងថា Newcastle United នឹងត្រូវប្រជែងជាមួយក្លិបធំ២ទៀតរួមមាន Manchester United និង Miami FC របស់ Major League Soccer ដែលបានកំពុងព្យាយាមទាក់ទង Gareth Bale ដូចគ្នា។

គួររំលឹកផងថា Gareth Bale ដែលមានវ័យ ៣០ឆ្នាំទៅហើយនោះ ជាអតីតតារាជើងស៊ុត១រូបនៅ Premier League ដោយបានចាកចេញពីក្លិប Tottenham Hotspur កាលពីឆ្នាំ២០១៣ ទៅចុះកិច្ចសន្យាលេងឲ្យ Real Madrid របស់អេស្ប៉ាញដល់បច្ចុប្បន្ន៕