(លីស្បោន)៖ Primeira Liga ដែលជាលីគកំពូលនៃប្រទេសព័រទុយហ្គាល់ នឹងចាប់ផ្តើមប្រកួតឡើងវិញនាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ក្រោយជំងឺ COVID-19 មានភាពថមថយបន្តិចហើយនោះ។
Primeira Liga បានធ្វើការជូនដំណឹងដែលត្រូវបានដកស្រង់ចេញផ្សាយដោយ Goal អំពីការចាប់ផ្តើមប្រកួតឡើងវិញ ដើម្បីបញ្ចប់រដូវកាលឆ្នាំ២០១៩-២០២០ នេះ ក្នុងចំណោម ១០ប្រកួតដែលនៅសល់ ក្រោយពេលផ្អាកការប្រកួតតាំងពី ថ្ងៃទី១២ ខែមីនាមក ដោយសារវិបត្តិជំងឺផ្លូវដង្ហើមរាតត្បាតជុំវិញសកលលោក។
លោក Antonio Costa នាយករដ្ឋមន្រ្តីនៃប្រទេសព័រទុយហ្គាល់បានថ្លែងកាលពីខែមុនថា រាល់ការប្រកួតកីឡាទាំងអស់ ដែលចាប់ផ្តើនៅខែក្រោយនេះ (មិថុនា) នឹងត្រូវធ្វើឡើងដោយបិទទ្វារ ដើម្បីបញ្ចៀសការចម្លង COVID-19។
Primeira Liga បានគូសបញ្ជាក់ថា ថ្ងៃទី០៤-មិថុនា ជាថ្ងៃចាប់ផ្តើមប្រកួតក្នុងជុំទី២៥ ជើងទី២ គ្រាដែល FC Porto បានកំពុងឈរនៅកំពូលតារាង ជាមួយ ៦០ពិន្ទុនាំមុខក្រុមលេខ២ Benfica ដែលជាក្រុមការពារតំណែងជើងឯករដូវកាលមុនតែ ១ពិន្ទុប៉ុណ្ណោះ ក្រោយឆ្លងកាត់ ២៤ប្រកួតដូចគ្នា៕