(ភ្នំពេញ)៖ កវីនិពន្ធបទចម្រៀងលោក យឹម តាស្រង់ កំពុងតែត្រៀមបញ្ចេញវត្តមានតារាចម្រៀងថ្មី ម្នាក់ទៀតប្រចាំក្នុងផលិតកម្ម Galaxy ដែលលោកទើបតែជ្រើសរើសបាន តាមរយៈការដាក់ពាក្យមកកាន់ផលិតកម្មផ្ទាល់ ហើយត្រូវបានលោកមើលឃើញថា មានសំឡេងល្អ អាចក្លាយជាតារាចម្រៀងអាជីព បន្ទាប់ពីឆ្លងកាត់ការហ្វឹកហាត់។
បទចម្រៀងដំបូងដែលលោក យឹម តាស្រង់ បាននិពន្ធឲ្យច្រៀងដើម្បីសាកល្បងសមត្ថភាព លើតារាចម្រៀងថ្មីរូបនេះ គឺមានចំណងជើងថា «បបួលខ្លួនឯងឲ្យញញឹម» ដែលជាការនិពន្ធភ្លាមៗ ជូនដល់តារាចម្រៀងថ្មីមានឈ្មោះថា ឡា គាង ប៉ុន្តែលោកសុំមិនទាន់បញ្ចេញរូបរាង មុខមាត់ តារាថ្មីរូបនោះ ឲ្យមហាជនស្គាល់នៅពេលនេះឡើយ។
លោក យឹម តាស្រង់ និយាយថា «មានបទចម្រៀងជាច្រើនមកហើយ ដែលខ្ញុំបាននិពន្ធ ហើយទទួលបានការគាំទ្រច្រើន តាមរយៈផលិតកម្ម Galaxy។ ដូច្នេះថ្ងៃនេះ ខ្ញុំសូមពាំនាំនូវអ្វីដែលថ្មីមួយទៀត ពាក់ព័ន្ធនឹងបទចម្រៀង ហើយអ្នកចម្រៀងក៏ថ្មីសន្លាង មិនធ្លាប់កាន់ក្បាលមេក្រូទាល់តែសោះ កាលពីមុនមក ដែលខ្ញុំគិតថា អាចល្អប្រសើរនៅថ្ងៃខាងមុខ»។
លោកបានបញ្ជាក់ថា តារាចម្រៀង ឡា គាង គឺជាការជ្រើសរើសដោយរូបលោកផ្ទាល់ បន្ទាប់ពីបានដាក់ពាក្យផ្ទាល់តាមរយៈផេក ហ្វេសប៊ុករបស់ផលិតកម្ម Galaxy ហើយលោក ក៏សូមទោសដល់បេក្ខជន-បេក្ខនារី ជាច្រើននាក់ទៀតផងដែរ ដែលមិនទាន់ត្រូវបានជ្រើសរើស ដើម្បីធ្វើតេស្ដសមត្ថភាព៕