(បរទេស)៖ ព្រឹត្តិការណ៍ប្រគំន្ត្រីប្រចាំឆ្នាំ «KCON» ត្រូវបានលុបចោលនៅដើមឆ្នាំនេះ ដោយសារតែជំងឺរាតត្បាតសាកលកូវីដ១៩។ យ៉ាងណាមិញ ស្រាប់តែមានសេចក្តីរាយការណ៍ជាថ្មីថា ព្រឹត្តិការណ៍នេះគ្រោងរៀបចំឡើងវិញនៅខែមិថុនាខាងមុខ តាមរយៈអនឡាញ ប៉ុន្តែមិនទាន់បញ្ជាក់កាលបរិច្ឆេទនោះឡើយ។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Koreaboo នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។
បើតាមរបាយការណ៍ផ្តាច់មុខពី Sports Seoul បានឲ្យដឹងថា ភ្នាក់ងាររៀបចំព្រឹត្តិការណ៍ប្រគំតន្រ្តី «KCON» គឺ CJ ENM បានបញ្ជាក់ពីការរៀបចំព្រឹត្តិការណ៍នេះ ឡើងវិញតាមអនឡាញ។ ដោយក្នុងនោះ គេមិនទាន់បង្ហាញពីកាលវិភាគច្បាស់លាស់នៅឡើយទេ ព្រោះបច្ចុប្បន្នកំពុងរៀបចំ ជាមួយនឹងភ្នាក់ងារនៃបណ្តាផលិតកម្មដទៃទៀត។ បើតាមការគ្រោងទុក ព្រឹត្តិការណ៍នេះនឹងធ្វើឡើងក្នុងចន្លោះខែមិថុនាខាងមុខ។
គេរំពឹងថា ការរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រី «KCON» តាមអនឡាយនឹងជួយដល់បណ្តាអ្នកគាំទ្រទូទាំងពិភពលោកសប្បាយរីករាយ បន្ទាប់ពីខកចិត្តដោយសារការលុបចោលកម្មវិធីនេះ កាលពីដើមឆ្នាំ២០២០ ដោយការគំរាមគំហែងពីមេរោគកូវីដ១៩។
គួរជម្រាបថា ព្រឹត្តិការណ៍ប្រគំតន្ត្រី «KCON» ឆ្នាំ២០២០ នៅប្រទេសជប៉ុន ត្រូវបានលុបចោលកាលពីថ្ងៃទី០៦ ខែមីនា ខណៈនៅទីក្រុងញូយ៉ក បានលុបចោលកាលពីថ្ងៃទី២៦ ខែមីនា។ បន្ថែមពីនេះ មានការលើកឡើងថា KCON 2020 នឹងមានការរៀបចំឡើងនៅប្រទេសរុស្សីនៅថ្ងៃទី២៣ ខែឧសភានេះ ដើម្បីអបអរសាទរខួបលើកទី៣០ នៃចំណងការទូតរវាងកូរ៉េខាងត្បូង-រុស្សី ប៉ុន្តែវាត្រូវបានលើកពេលដោយសារកូវីដ១៩៕