(បាត់ដំបង)៖ លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានឲ្យដឹងថា អាងហែលទឹកស្ដង់ដារអន្ដរជាតិ ដែលមានតម្លៃជិត ២លានដុល្លារនៅខេត្តបាត់ដំបង បានលេចជារូបរាងហើយ បន្ទាប់ពីទួលអាងទាំង៣ មានអាងហែលទឹក អាងលោតទឹក និងអាងកម្ដៅសាច់ដុំ បានសម្រេចការសាងសង់ប្រមាណ ៦០%។
តាមការអះអាងរបស់អគ្គលេខាធិការខាងលើ ក្រោយលោកដឹកនាំមន្ដ្រីសហព័ន្ធចុះពិនិត្យការសាងសង់ កាលពីថ្ងៃទី១៣ ខែឧសភាម្សិលមិញ លោកបានបង្ហាញសុទិដ្ឋិនិយមថា អាងហែលទឹកស្ដង់ដារអន្ដរជាតិ នឹងបញ្ចប់ការសាងសង់តាមការគ្រោងទុក បន្ទាប់ពីដំណើរការសាងសង់ល្អប្រសើរ មានភាពរលូន មិនមានបញ្ហារាំងស្ទះឡើយ។
លោកថា «ការងារដែលសម្រេចរួមទាំងអស់តែម្ដង យើងអាចវាយតម្លៃបានថា បាន ៦០% ហើយ ហើយការរំពឹងទុករបស់ក្រុមហ៊ុនសាងសង់ គឺថា ការងារទាំងអស់ពុំមានបញ្ហាចោទ ឬឧបសគ្គអ្វីទេ។ ចឹងការប្រព្រឹត្តទៅនៃការសាងសង់ នឹងអាចបញ្ចប់ជាស្ថាពរ ឬតាមពេលវេលាកំណត់ ឬក៏អាចមុន បើសិនមិនមានការរាំងស្ទះទេ»។
គួរបញ្ជាក់ថា អាងហែលទឹកសម្រាប់បម្រើឲ្យការអភិវឌ្ឍន៍កីឡាហែលទឹកកម្ពុជានេះ បានចាប់ផ្ដើមសាងសង់តាំងពីពាក់កណ្ដាលខែសីហា ឆ្នាំ២០១៩ មកម្ល៉េះ ហើយការសាងសង់ទាំងមូល គ្រោងចំណាយពេល ២៤ខែ (២ឆ្នាំ) និងថវិកាប្រមាណ ២លានដុល្លារ ដែលជាថវិកាបដិភាគរបស់លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធ ដែលទទួលបានពីសប្បុរសជន៕