(សេអ៊ូល)៖ អ្នកនាង Eun Chan ដែលជា Youtuber ជនជាតិកូរ៉េដ៏មានប្រជាប្រិយភាពនោះ បានបង្ហោះសារតាមរយៈវីដេអូលើកចុងក្រោយ ប្រាប់ពីភាពលំបាករបស់នាងទៅកាន់អ្នកគាំទ្រ មុននឹងទទួលមរណភាព។ តារា Youtube រូបនេះ បានស្លាប់នៅថ្ងៃទៅ០៦ ខែឧសភាកន្លងទៅ ដោយសារជំងឺមហារីកបំពងរំលាយអាហារ។ នេះបើយោងតាមការដកស្រង់ការចេញផ្សាយពីសារព័ត៌មាន Allkpop នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០។

កាលពីថ្ងៃទី០២ ខែឧសភា កន្លងទៅ តារា Youtube អ្នកនាង JIGUIN ហៅ Eun Chan បានបង្ហោះវីដេអូមួយ មានចំណងជើងថា «លើកទី៤៩ នៃការតស៊ូប្រយុទ្ធប្រឆាំងជាមួយនឹងមហារីក» ដែលនេះជាវីដេអូចុងក្រោយនាង មុននឹងទទួលមរណភាព។ តាមរយៈវីដេអូនេះ អ្នកនាង Eun Chan បានសួរសុខទុកទៅកាន់អ្នកគាំទ្រ ជាមួយនឹងការរៀបរាប់អំពីភាពលំបាកក្នុងការប្រយុទ្ធនឹងជំងឺមហារីក ដែលបានកើតឡើងចំពោះនាងជាយូរឆ្នាំមកហើយនោះ។

នៅថ្ងៃទី០៧ ខែឧសភា ប្អូនស្រីរបស់ Eun Chan បានចូលទៅ Comment នៅក្រោមវីដេអូនោះថា Eun Chan បានទទួលមរណភាពហើយ កាលពីថ្ងៃទី០៦ ខែឧសភា កន្លងទៅ។

គួរជម្រាបថា Eun Chan ទទួលបានការគាំទ្រជាខ្លាំង ពីបណ្តាអ្នកគាំទ្រតាមរយៈវីដេអូសប្បាយៗរបស់នាង ដែលបង្ហាញពីជីវិតរបស់ជនជាតិកូរ៉េ រស់នៅប្រទេសជប៉ុន។ នាងបានបង្ហាញពីស្ថានភាពជំងឺ ទៅកាន់អ្នកគាំទ្រ តាមរយៈវីដេអូដែលបង្ហោះជាប្រចាំ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩៕