(ភ្នំពេញ)៖ មួយរយៈនេះ គេបានសង្កេតឃើញថា មហាជនបានសម្ដែងការចាប់អារម្មណ៍ខ្លាំង ចំពោះសត្វកេងកង បន្ទាប់ពីមានបុរសម្នាក់ បានបាញ់សម្លាប់សត្វកេងកងមួយក្បាល ហើយថតបង្ហោះលើបណ្ដាញសង្គម ធ្វើឲ្យមានការរិះគន់ និងថ្កោលទោសទៅលើបុរសនោះគ្រប់ៗគ្នា។ យ៉ាងណាមិញ ក្រោយពីមានសាររិះគន់ជុំទិសរួចមក បុរសនោះមានចូលមកសារភាពកំហុស និងធ្វើការសុំទោសដល់មហាជនជាសារធារណៈ ហើយផ្ដាំផ្ញើ កុំឲ្យមហាជនធ្វើតាមរូបលោក។
អ្វីដែលមហាជន កំពុងចង់ដឹងបន្ថែមនោះ គឺសត្វកេងកង ដែលជាសត្វកម្រ និងជាសត្វមានប្រវត្តិ ត្រូវបានដាក់បញ្ចូលនៅក្នុងបទចម្រៀង របស់អ្នកនាង រស់ សេរីសុទ្ធា ហើយបានបញ្ជាក់ថា សត្វនេះជាសត្វមានស្នេហាស្មោះ ស្ទើរមិនគួរឲ្យជឿ តាមរយៈការនិយាយតៗតាំងពីដើមរៀងមក។
យោងទៅតាមគណនីហ្វេសប៊ុកមួយ ឈ្មោះថា Dy Chansopheak បានសរសេរលក្ខណៈសង្ខេបអំពីរឿងរ៉ាវ ដោយផ្ដោតសំខាន់លើរឿងស្នេហា របស់សត្វកេងកងទាំងញីទាំងឈ្មោលថា «កេងកងជាសត្វស្មោះស្ម័គ្រ ជាមួយគូវាណាស់ នៅរដូវបន្តពូជ សត្វឈ្មោលតែងស្វែងរកប្រហោងឈើ រួចនាំសត្វញីទៅមើលកាលណា សត្វញីពេញចិត្តហើយ ក៏នាំគ្នាកាច់សំបុកនៅទីនោះ ដោយបិទប្រហោងទុកតែចន្លោះតូចមួយ ដើម្បីផ្តល់ចំណី និងការពារមិនឱ្យសត្វដទៃចូលបាន, សំបុកនោះត្រូវបិទ រហូតដល់កូនញាស់ ហើយអាចហើរបានក្នុងរយៈពេល១២០ថ្ងៃ ដោយអំឡុងពេលនោះ គឺកូនតូច និងសត្វកេងកងឈ្មោល ត្រូវនៅរង់ចាំសំបុក និងថែកូន រីឯកេងកងវញីត្រូវហើររកចំណីមកបញ្ចុកកូន និងប្តី សល់ប៉ុន្មានទើបញីស៊ីខ្លួនឯង»។
គណនីដដែលបានបន្ថែមទៀតថា «សត្វនេះស្មោះស្ម័គ្រគ្នាណាស់ បើស្លាប់ញី អាឈ្មោលត្រូវតែស្លាប់តាម បើស្លាប់ឈ្មោល ញីក៏ត្រូវតែស្លាប់តាមដែរ តាមរូបភាពអត់ចំណីឬហោះទៅលើ ទំលាក់ខ្លួនមកដី ដើម្បីសម្លាប់ខ្លួនតាមគ្នា»។
ដោយឡែក បើងាកទៅចាប់អារម្មណ៍ ជាមួយបទចម្រៀងរបស់អ្នកស្រី រស់ សេរីសុទ្ធា ពីជំនាន់មុនវិញ ក៏បានច្រៀងរៀបរាប់ពីភក្ដីស្នេហ៍របស់សត្វកេងកង ក្នុងនោះមានការរៀបរាប់រហូតដល់ថ្នាក់សត្វនេះ យំសោកបោកខ្លួន ពេលបាត់បង់កូនពីសំបុក ខណៈដែលខ្លួនជាម្ដាយបានទៅរកចំណីមកបញ្ចុក។ អ្វីដែលគួរឲ្យសង្វេគក្នុងអត្ថន័យនៃបទ «កេងកងបាត់កូន» ឬ «កេងកងអភ័ព្វ» គឺសត្វឈ្មោលត្រូវបានព្រានព្រៃបាញ់សម្លាប់ ជាហេតុធ្វើឲ្យបាត់បង់ទាំងប្ដី និងកូន។
ទោះបីជាយ៉ាងណា ក្នុងបទចម្រៀងបានបង្ហាញឲ្យឃើញ ពីឆាកជីវិរស់នៅមិនទៀង មិនថាសត្វ ឬមនុស្ស ពោលគឺខ្សែជីវិតរស់នៅក្នុងវាលវដ្ដសង្សានេះ តែងតែជួបនូវជោគវាសនាព្រាត់ប្រាស់និរាស្ត មិនអាចគេចផុតបានឡើយ។
សូមបញ្ជាក់ថា សត្វ «កេងកង» គឺជាបក្សីដែលចូលចិត្តរស់នៅ និងមានសំបុកពងកូននៅព្រៃដែលមានដើមឈើធំៗ និងជាប្រភេទបក្សីស៊ីផ្លែឈើធំៗជាអាហារ។ ក្រៅពីនៅក្នុងប្រទេសកម្ពុជា វាគឺជាបក្សីដែលរស់នៅក្នុងព្រៃ នៃតំបន់ត្រូពិកនានា ក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែវាកំពុងតែប្រឈមមុខនឹងការធ្លាក់ចុះ នៅប្រទេសឡាវ និងនៅប្រទេសថៃ។ រហូតមកដល់ពេលនេះ វាគឺជាបក្សីមានបង្គួរដោយសារតែការបាត់បង់ដែនជម្រក បណ្តាលមកពីការបាត់បង់ព្រៃឈើ និងការប្រមាញ់ខុសច្បាប់នានា៕