(មេនឆេស្ទើ)៖ កីឡាករខ្សែបម្រើប្រយុទ្ធ David Silva នឹងបន្តកិច្ចសន្យារយៈពេលខ្លី ដើម្បីជួយក្លិបមេឃខៀវ Manchester City លេងបញ្ចប់រដូវកាល Premier League ឆ្នាំ២០១៩-២០២០ ដោយពេញលេញ។

បុរសវ័យ ៣៤ឆ្នាំ សញ្ជាតិអេស្ប៉ាញខាងលើនេះនឹងផុតកំណត់កិច្ចសន្យាចាស់នៅកីឡដ្ឋាន Etihad នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅមុនពេល PL រដូវកាលនេះមិនទាន់បញ្ចប់នៅឡើយ នៅពេលចាប់ផ្តើមប្រកួតជាថ្មីនៅថ្ងៃទី១២ ខែមិថុនា ដល់ចុងខែកក្កដាខាងមុខ ដោយសារអាក់ខានពីជំងឺ COVID-19 ដែលនៅសល់ ៩ប្រកួត។

នេះមានន័យថា David Silva នឹងត្រូវបានផ្តល់កិច្ចសន្យារយៈពេលខ្លីដែលអាចនឹងមានសុពលភាពដល់ខែសីហា ឆ្នាំ២០២០ ដូចកីឡាករនៃក្លិបដទៃដែលលេងនៅ Premier League ទៀតដែរ។

គួររំលឹកថា David Silva បានមកចូលរួមលេងឲ្យ Manchester City កាលពីឆ្នាំ២០១០ ក្រោយចាកចេញពីក្លិបក្នុងស្រុក Valencia ហើយការចាកចេញនាពេលដ៏ខ្លីខាងមុខរបស់នេះ ក៏នឹងទៅចូលរួមជាមួយក្លិបនៅប្រទេសអេស្ប៉ាខាងលើទៀតដែរ៕