(ម៉ូនិច)៖ ក្របខណ្ឌលីគកំពូល Bundesliga របស់អាល្លឺម៉ង់ បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីឲ្យក្លិបនីមួយៗមាន សិទ្ធិប្តូរកីឡាករបានដល់ទៅ ៥នាក់ក្នុង ១ប្រកួត ដែលជាធម្មតាប្តូរបានតែ ៣នាក់។

ក្នុងការប្រកួតបញ្ចប់រដូវកាល Bundesliga ឆ្នាំ២០១៩-២០២០ នេះ German Football League (DFL) បានជូនដំណឹងដល់គ្រប់ក្លិបអំពីលទ្ធផលនៃប្តូរកីឡាករបាន ៥នាក់ក្នុង ១ប្រកួត ដើម្បីចៀសវាងបញ្ហាសុខភាព ក៏ដូចជារបួសផងដែរ បន្ទាប់ពីពិភពលោកទាំងមូលបានជួយបញ្ហាផ្លូវដង្ហើម COVID-19 ដែលពុំទាន់មានថ្នាំព្យាបាលនៅឡើយ។

Bundesliga និងក្របខណ្ឌទី២ របស់អាល្លឺម៉ង់ នឹងចាប់ផ្តើមប្រកួតនារាត្រីថ្ងៃសៅរ៍ ទី១៦ ខែឧសភាស្អែកនេះហើយ ដែលជាលីគធំ ក្នុងចំណោមលីគដទៃនៅអឺរ៉ុបដែលចាប់ផ្តើមប្រកួតមុនគេ ក្រោយផ្អាកជាង ២ខែមកនេះ ដោយសារវិបត្តិ COVID-19 គិតចាប់តាំងពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០មក៕