(ភ្នំពេញ)៖ កម្មវិធីកម្ពុជាអ្នកប្រដាល់គុនខ្មែរ ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ចុងសប្ដាហ៍នេះហើយ ដោយកីឡាករ ប៊ុន សុផុត ត្រូវជួបកីឡាករ ថាន់ ប៊ុនរ៉ុង នៅសង្វៀនបាយ័នស្ទឹងមានជ័យ។ ចាំមើលតើ ប៊ុន សុផុត ឬ ថាន់ ប៊ុនរ៉ុង នឹងគ្រងជើងឯកព្រឹត្តិការណ៍ជំនាន់ទី១ ដែលប្រជុំដោយអ្នកលេងគុនខ្មែរជើងខ្លាំងវ័យក្មេងនេះ?

សម្រាប់ ប៊ុន សុផុត បានឲ្យដឹងថា ខ្លួនធ្លាប់ជួប និងយកឈ្នះ ប៊ុនរ៉ុង ម្ដងរួចមកហើយ ហេតុនេះគេបានប្ដេជ្ញាចិត្តនឹងខំប្រឹងធ្វើឲ្យបានកាន់តែល្អ ដើម្បីបន្ដយកឈ្នះជាលើកទី២ ពិសេសដើម្បីសម្រេចក្ដីស្រម៉ៃដណ្ដើមជើងឯក កម្ពុជាអ្នកប្រដាល់គុនខ្មែរ ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ តែយ៉ាងណា កូនសិស្សអតីតអធិរាជជង្គង់ហោះ-កែងឆេះ អេ ភូថង ថានឹងមិនធ្វេសប្រហែសចំពោះគូប្រជែងនេះឡើយ។

ដោយឡែក ថាន់ ប៊ុនរ៉ុង វិញ ក៏បានតាំងចិត្តយ៉ាងមុតមាំ ក្នុងការចង់គ្រងតំណែងជើងឯកសង្វៀនគុនខ្មែរថ្នាក់ជាតិនេះផងដែរ។ សិស្សគុនសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទបន្ថែមថា ទោះខ្លួនធ្លាប់ចាញ់ ប៊ុន សុផុត តែខ្លួនប្ដេជ្ញានឹងខំប្រឹង ដើម្បីសងសឹកវិញក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រថ្ងៃអាទិត្យនេះ។

គួរបញ្ជាក់ថា មុនឈានដល់វគ្គផ្ដាច់ព្រ័ត្រ ប៊ុន សុផុត បានយកឈ្នះកីឡាករ អេលីត ឡុងលី ខណៈកីឡាករ ថាន់ ប៊ុនរ៉ុង បានយកឈ្នះកីឡាករ ម៉ិល សារុន ដោយពិន្ទុដូចគ្នា កាលពីពេលថ្មីៗ។ ចំពោះប្រាក់រង្វាន់ជយលាភី សម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រចុងសប្ដាហ៍នេះវិញ លេខ១ នឹងទទួលបាន ៣,០០០ដុល្លារ, លេខ២ ទទួលបាន ២,០០០ដុល្លារ, លេខ៣ ទទួលបាន, ១,០០០ដុល្លារ និងលេខ៤ ទទួលបាន ៧៥០ដុល្លារ៕