(បរទេស)៖ ក្រុមចម្រៀង K-POP បុរសដែលមានសមាជិក៩នាក់ គឺ NCT 127 បានជូនដំណឹងថា ពួកគេបានពន្យារពេលចូលរួមការប្រគំតន្រ្តីទេសចរណ៍ នៅសហរដ្ឋអាមេរិក ព្រោះតែបញ្ហាប្រឈមនៃកូវីដ១៩។ នេះបើយោងតាមការដកស្រង់ការចេញផ្សាយពីសារព័ត៌មាន Soompi នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។
កន្លងទៅក្រុម NCT បានជូនដំណឹងទៅអ្នកគាំទ្រ អំពីតន្ត្រីទេសចរណ៍លើកទី២ របស់ពួកគេដែលមានឈ្មោះថា «Neo City The Award» ចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២០។ យ៉ាងណាមិញ ព្រឹត្តិការណ៍នេះរួមនឹងកម្មវិធីផ្សេងទៀត ដែលនឹងធ្វើឡើងនៅសហរដ្ឋអាមេរិក ត្រូវបានលុបចោល ក្នុងនោះរួមមានកម្មវិធី ទីក្រុង New York, Atlanta, Chicago, San Jose, Los Angeles, និងនៅ Seattle។
គួរជម្រាបថា ដោយសារតែការរាតត្បាត នៃជំងឺឆ្លងកូវីដ១៩ កម្មវិធីជាច្រើនត្រូវបានពន្យារពេល ដោយគ្មានការកំណត់ឡើយ។ ទន្ទឹមគ្នានេះ ក្រុម NCT 127 បច្ចុប្បន្នកំពុងតែពន្លឿនអាល់ប៊ុមថ្មី ចំពោះការវិលត្រឡប់មកវិញរបស់ពួកគេ ដែលអាល់ប៊ុមថ្មីនេះ ចំណងជើងថា «Neo Zone: The Final Round» គ្រោងបញ្ចេញនៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ (ម៉ោងនៅកូរ៉េ)៕