(បាសេឡូណា)៖ គម្រោងទទួលបានប្រាក់ចំណេញប្រមាណ ២៣៨លានដុល្លារក្នុងរដូវកាលនេះសម្រាប់ក្លិបយក្សអេស្ប៉ាញ FC Barcelona ត្រូវបានបរាជ័យ ដោយសារតែជំងឺរាតត្បាតតាមរយៈផ្លូវដង្ហើម COVID-19 ដោយក្នុងនោះមានចំនួន ១៦២លានដុល្លារបានពីការលក់សំបុត្រ។
ទីភ្នាក់ងារស្រាវជ្រាវ La Vanguardia ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ Marca បានឲ្យដឹងថា ចំនួនទឹកប្រាក់ប្រមាណ ១៦២លានដុល្លារដែលទទួលបានពីការលក់សំបុត្រនៅ Camp Nou នឹងមិនអាចរកបាននោះទេ សម្រាប់ ១១ប្រកួតក្នុង La Liga ដែលនៅសល់ ដោយសារតែប្រកួតបិទទ្វារ។
តែយ៉ាងណាក្លិបនៅតំបន់ Catalan នៃប្រទេសអេស្ប៉ាញខាងលើនេះ នឹងទទួលបានប្រាក់ខ្លះពី ៤៣ទៅ៥៣លានដុល្លារវិញ ពីការកាត់ប្រាក់ពលកម្មកីឡាករ ក៏ដូចជាបុគ្គលិក្នុងក្លិបនៅអំឡុងជួបវិបត្តិ COVID-19 ដែលពុំទាន់រកឃើញថ្នាំព្យាបាលនៅឡើយ។
បន្ថែមលើនេះ គណនីរបស់ក្លិបក៏នឹងទទួលបានទឹកប្រាក់ពី ២២ទៅ២៨លានដុល្លាបន្ថែមទៀតពីការលក់សិទ្ធិផ្សាយឲ្យទូរទស្សន៍សម្រាប់ ១១ប្រកួតដែលនៅសល់ និងត្រៀមលក់កីឡាករ Nelson Semedo, Arturo Vidal និងមិត្តរួមក្រុម Jean-Clair Todibo នៅរដូវក្តីខាងមុខ ដើម្បីរក្សាលំនឹងហិរញ្ញវត្ថុក្នុងក្លិបឡើងវិញដែរ៕