(សេអ៊ូល)៖ តារាកូរ៉េស្រី ដែលតែងតែលេចវត្តមានសម្តែងក្នងរឿងភាគល្បីៗជាច្រើន គឺ Lee Yeon Hee បានប្រកាសថា ខ្លួននឹងរៀបការនៅខាងមិថុនាខាងមុខនេះ ជាមួយនឹងបុរសម្នាក់ ដែលមិនមែនជាអ្នកសិល្បៈ។
នៅថ្ងៃទី១៥ ខែឧសភា កញ្ញា Lee Yeon Hee បានប្រកាសដំណឹងនេះ ទៅកាន់អ្នកគាំទ្ររបស់នាងថា នាងបានរកឃើញមនុស្សប្រុសដែល ត្រូវចំណាយពេលពេញមួយជីវិត រួមរស់ជាមួយគ្នាហើយ គឺមិនមែនអ្នកសិល្បៈឡើយ។ ពិធីមង្គលការរបស់នាង នឹងរៀបចំឡើង នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ។ ប៉ុន្តែមិនរៀបចំធំដុំអ្វីឡើយ ពោលគឺមានតែក្រុមគ្រួសារទាំងសងខាង និងមិត្តភ័ក្តជិតស្និតប៉ុណ្ណោះ។
ទន្ទឹមគ្នានេះ ផលិតកម្ម SM ក៏បានបញ្ជាក់ពីដំណឹងនេះដែល ថាសិល្បករក្នុងផលិតកម្មរបស់ខ្លួន Lee Yeon Hee នឹងរៀបការនៅថ្ងៃខាងមុខ។ តាមរយៈសេចក្តីបញ្ជក់នេះផងដែរ ខាងផលិតកម្ម ក៏បានភ្ជាប់ជាមួយនឹងសារអបអរសាទរដល់គូស្នេហ៍ថ្មីថ្មោងមួយគូនេះផងដែរ៕