(ភ្នំពេញ)៖ តារាសម្ដែងស្រី ច្រើនតែទទួលបានតំណែងជាតួអ្នកម្ដាយ តួជំទាវ និងតួបងស្រី គឺកញ្ញា ហេង ស្រីពេជ្រ បានសម្ដែងក្ដីបារម្ភកាន់តែខ្លាំង ខណៈដែលជនអនាមិកនៅតែបន្តយករូបថតនាង ទៅបង្កើតគណនីហ្វេសប៊ុក ក្លែងក្លាយ ដាក់ឈ្មោះផ្សេងៗគ្នាជាបន្តបន្ទាប់ ដោយមិនខ្លាចញញើត ហើយមិនដឹងថា ការធ្វើបែបនេះក្នុងចេតនាល្អ ឬ​អាក្រក់នោះមកលើរូបនាងឡើយ។

ហេង ស្រីពេជ្រ បានថ្លែងប្រាប់នៅថ្ងៃនេះ​ថា ចាប់​តាំង​ពី​ថ្ងៃទី៣ ខែ​មេសា រហូត​មក​ដល់​ពាក់កណ្ដាលខែ​ឧសភា ឆ្នាំ​២០២០ នេះ មាន​គណនី​ហ្វេសប៊ុក​ចំនួន១០ហើយ​ បាន​យក​រូប​ថតនាង​ទៅ​ប្រើ ហើយ​មិន​ទាន់​ដក​ចេញ​វិញ​នៅ​ឡើយ​ទេ។ ទោះជាយ៉ាងណានាង​មិន​ហាមឃាត់​ឡើយ ​ចំពោះ​អ្នក​គាំទ្រ​ដែល​ប្រើ​រូប​នាង​ ក្នុង​ន័យ​គោរព​ស្រឡាញ់ ប៉ុន្តែ​នាង​ព្រួយបារម្ភ​ខ្លាច​ មាន​ជន​ខិលខូច​យក​វាទៅ​ប្រើ​ក្នុង​ទិសដៅ​ផ្សេង ហើយប៉ះពាល់ធ្ងន់ធ្ងរដល់កិតិ្ដយសនាង និងសង្គម។

«គណនី​ពិត​របស់​ខ្ញុំ​មាន​តែ​ពីរ​ទេបង ហើយ​មាន​តែ​ការងារ​សិល្បៈ និង​រក​ស៊ី​ផ្ទាល់​ខ្លួន។ អ៊ីចឹង​ខ្ញុំ​មិន​ចង់​ឃើញ​គេ​យក​រូប​ខ្ញុំ​ទៅ​ប្រើ ហើយ​ប្រើក្នុងគោលបំណងមិនសមរម្យនោះទេ ព្រោះដល់​ពេល​គេ​រក​រឿង​មក​រក​ខ្ញុំ​ ដែល​ជា​ម្ចាស់​រូប គឺខ្ញុំមិនដឹងអីសោះ ខ្ញុំពិតជាពិបាកចិត្តណាស់បងអើយ...!»។​ ស្រីពេជ្រ ថ្លែងបញ្ជាក់បន្ថែម។

តារាសម្ដែង ហេង ស្រីពេជ្រ ប៉ុន្មានថ្ងៃមកនេះ នាងពិតជាខ្វល់ខ្វាយណាស់ រហូតដេកមិនលក់បក់មិនល្ហើយ អារម្មណ៍របស់នាងមិនស្ងប់ ព្រោះតែរឿងគេយករូបថត ទៅបង្កើតគណនីហ្វេសប៊ុក ជាបន្តបន្ទាប់។ យ៉ាងណាមិញ ហេង ស្រីពេជ្រ បានព្រមាន​ថា​​ នឹង​វែកញែក​រក​ខុសត្រូវ​តាម​ផ្លូវ​ច្បាប់ ហើយនាងក៏បានត្រៀមខ្លួនរួចជាស្រេចដែរ ដើម្បីរកខុសត្រូវតាមផ្លូវច្បាប់បើគេមិនបញ្ឈប់ ព្រោះការដែលយករូប​ថតនាង ​ទៅ​ដាក់​ជា​ ​Profile facebook ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន ឬ​ប្រព្រឹត្ត​បទល្មើស​អ្វី​មួយ​ គឺ​នាំ​ឲ្យ​ប៉ះពាល់​ដល់កិត្ដិយស​នាងយ៉ាងធ្ងន់ធ្ងរ ក្នុងនាមជាតារាសម្ដែងល្បីឈ្មោះម្នាក់។​

សូមបញ្ជាក់ថា តារាសម្ដែង ហេង ស្រីពេជ្រ បាន​បង្កើត​គណនី​ហ្វេសប៊ុក​ឈ្មោះ Heng Sreypich នៅ​ឆ្នាំ​២០១៥ ហើយ​គណនី​ឈ្មោះ ហេង ស្រីពេជ្រ បាន​បង្កើត​នៅ​ឆ្នាំ​២០១៦។ គណនី​ពិត​ទាំង​ពីរ​របស់​នាងមាន​មិត្ត និង​អ្នក​​ ​Follow រាប់​ម៉ឺន​នាក់ រហូត​ដល់​អ្នក​គាំទ្រ​ខ្លះ ​បាន​យក​រូប​ថត​នាង​ទៅ​ប្រម៉ូដតាមហ្វេសប៊ុក ដើម្បី​រកស៊ី​ទៀត​ផង៕