(ម៉ូនិច)៖ ក្រុមខ្លាំងអាល្លឺម៉ង់ Bayern Munich នៅតែបន្តឈរលើកំពូលតារាងលីគ Bundesliga ក្រោយរកបាន ៣ពិន្ទុបន្ថែមនៅក្រៅដី ក្នុងលទ្ធផល ២-០ ទៅលើក្រុម FC Union Berlin ក្នុងជំនួបបិទទ្វារកីឡដ្ឋាន អំឡុងជួបវិបត្តិវីរុស COVID-19 ក្នុងសប្តាហ៍ទី២៦ នៃរដូវកាលឆ្នាំ២០១៩-២០២០។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១៨ខែឧសភា ឆ្នាំ២០២០។
២គ្រាប់ជ័យជម្នះរកបានដោយកីឡាករខ្សែប្រយុទ្ធ Robert Lewandowski នៅនាទី៤០ ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្របានសម្រេច និងមិត្តរួមក្រុម Benjamin Pavard រកបាននៅនាទី៨១ ដែលការប្រកួតនេះមិនមានអ្នកគាំទ្រនោះទេ ខណៈទាំងគ្រូបង្វឹក និងកីឡាករក៏តម្រូវដាក់ឲ្យនៅដាច់ពីគ្នាផងដែរ ដើម្បីទប់ស្កាត់វីរុសឆ្លង COVID-19។
ជ័យជម្នះនេះបានធ្វើឲ្យក្រុមការពារតំណែងជើងឯក Bayern Munich បន្តឈ្នះ ១៨ប្រកួតបណ្តោះអាសន្នគិតត្រឹមសប្តាហ៍ទី២៦ ដែលនៅសល់ ១០ប្រកួតទៀតត្រូវបញ្ចប់រដូវកាលនេះ។
ការវិលត្រឡប់មកវិញនៃលីគ Bundesliga ក្នុងនោះ ក្រុមគូប្រជែងដ៏ស្វិតស្វាញ Borussia Dortmund ដែលឈរនៅលេខ២ ក្នុងតារាងក៏បន្តរកបាន ៣ពិន្ទុបន្ថែម ក្រោយយកឈ្នះក្រុម Schalke នៃជំនួប Derby ក្នុងលទ្ធផល ៤-0 ដោយមាន ៥៤ពិន្ទុនៅចាញ់ក្រុមកំពូលតារាង Bayern Munich ដែលមាន ៥៨ពិន្ទុ៕