(ឡុងដ៍)៖ Newcastle United បានបង្ហាញមហិច្ឆតាទិញយកកីឡាករខ្សែបម្រើស្លាប Wilfried Zaha របស់ក្លិប Crystal Palace ដែលមានតម្លៃខ្លួនប្រមាណ ៦០លានផោន ស្មើនឹង ៨៣លានដុល្លារនៅក្នុងទីផ្សារដោះដូរកីឡាករនាខែកក្កដា-សីហាខាងមុខនេះ។
ខ្សែបម្រើវ័យ ២៧ឆ្នាំសញ្ជាតិកូដឌីវ័រខាងលើនេះ ត្រូវបានក្លិបគូប្រជែងនៅ Premier League កាំភ្លើងធំ Arsenal បរាជ័យម្តងមកហើយកាលពីខែមករា ឆ្នាំ២០២០ ក្នុងការនាំយក Zaha មកកាន់ទឹកដី Emirates ដោយសារតែតម្លៃខ្លួន មិនអាចទទួលយកបាន។
តែយ៉ាងណា ការចង់លេងឲ្យក្លិបធំ ដើម្បីមានឱកាសបង្ហាញខ្លួននៅក្របខណ្ឌអឺរ៉ុប UEFA Champions League ទំនងជាធ្វើឲ្យកីឡាករស្បែកខ្មៅខាងលើនេះចាកចេញពីក្លិបដែលស្ថិតក្រោមការបង្វឹករបស់ Roy Hodgson នាពេលដ៏ខ្លីខាងមុខនេះ ដោយមិនប្រាកថា ក្លិបសារិកាព្រៃទទួលបានរូបគេនោះដែរ។ នេះបើតាមការចេញផ្សាយដោយ The Sun។
មួយវិញទៀត ដំណើរការផ្ទេរអាចច្បាស់នឹងកើតមានឡើង ក៏អាស្រ័យទៅលើក្លិបមានម្ចាស់ថ្មីដែរ ដែលជាសេដ្ឋីមានភាគហ៊ុនធំមកពីប្រទេសអារ៉ាប៊ីសាអូឌីត ដែលកំពុងដាក់សំណើសុំទិញក្លិបដាច់ក្នុងតម្លៃ ៣០០លានដផោន ស្មើនឹង ៣៦៣លានដុល្លារ ដើម្បីយកមកគ្រប់គ្រងដាច់តែម្តង ដោយក្នុងនោះម្ចាស់ក្លិបថ្មីក៏មានបំណងបណ្តេញគ្រូបច្ចុប្បន្ន Steve Bruce ចេញពីតំណែង និងដាក់ Mauricio Pochettino ជំនួសថែមទៀតផង៕