(ភ្នំពេញ)៖ កញ្ញា ប៊ុន្លឿម ពេជម្នី ជាអ្នកមកពីទឹកដីខេត្តសៀមរាប បាននឹងកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសាធារណជន តាមរយៈរូបសម្រស់ដ៏សោភា។ ទៅណាមកណា ត្រូវបានមហាជន ជាពិសេសអ្នកស្រុកភូមិរស់នៅជាមួយ តែងតែហៅថា ទេពធីតាៗ មិនដាច់ពីមាត់ ក្រោយប្រឡងជាប់ក្នុងកម្មវិធី «ធីតាឯកសង្ក្រាន្ត» ។ យ៉ាងណាមិញ ក្រោយទទួលជ័យលាភីក្នុងកម្មវិធីនេះ កញ្ញា ប៊ុន្លឿម ពេជម្នី បានបង្ហើបថា ពេលនេះកំពុងត្រៀមចេញចម្រៀងផ្ទាល់ខ្លួនរហូតដល់ទៅ៣បទ ដើម្បីកំដរអារម្មណ៍ទស្សនិកជន។
ការលើកឡើងបែបនេះ ពីសំណាក់កញ្ញា ប៊ុន្លឿម ពេជម្នី គឺតាមរយៈចូលរួមជាតារាកិត្តិយសក្នុង កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» របស់ទូរទស្សន៍ Fresh News និង Khmer Talking ក្រៅពីមានប្រជាប្រិយភាពក្នុងសិល្បៈហើយនោះ ប៊ុន្លឿម ពេជម្នី គឺជានិសិ្សតឆ្នាំទី២ ផ្នែក Architect នៅសាកលវិទ្យាល័យមួយកន្លែង។ ការប្រឡងជាប់ជ័យលាភីលេខ២ ក្នុងកម្មវិធី «ធីកាឯកសង្រ្គាន្តឆ្នាំ២០២០» និង បានចូលសម្តែងក្នុងវីដេអូទេវតាឆ្នាំថ្មី ឆ្នាំ២០២០ គឺជាក្តីស្រម៉ៃតាំងពីក្មេង របស់តារាស្រីរូបនេះ។
កញ្ញា ប៊ុន្លឿម ពេជម្នី បានឲ្យដឹងថា ការងារសិល្បៈ និងការសិក្សា គឺនាងមិនអាចបោះបង់ចោលមួយណានោះទេ។ ខណៈប្រឡូកចូលសិល្បៈកាន់តែពេញសិទ្ធទៅតារាស្រីរូបនេះ បង្ហើបក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ថា កំពុងត្រៀមបញ្ចេញចម្រៀងផ្ទាល់ខ្លួនចំនួន៣បទ។ ចម្រៀងដែលនាងនឹងបញ្ចេញ គឺមានបញ្ចូលទាំងបទ Cover ផង និង Original ផង។ តារាស្រីរូបនេះ បង្ហាញនូវការពេញចិត្តជាខ្លាំង ចំពោះការបកស្រាយនូវចម្រៀងបែបប្រពៃណីខ្មែរ ហើយចម្រៀងដែលនាងនឹងបញ្ចេញគឺមានគ្រប់ប្រភេទតែម្តង។
ក្រោយទទួលបានជ័យលាភីហើយ សម្រាប់ការងារសិល្បៈ ត្រូវបាន ប៊ុន្លឿម ពេជម្នី ថារីករាយនឹងទទួលគ្រប់ការងារទាំងអស់ មិនថាដើរម៉ូត ឬសម្តែងឡើយ។ តែយ៉ាងណា ងាកមករឿងស្នេហាវិញ ត្រូវបានតារាស្រីរូបនេះ ទម្លាយថាមិនទាន់គិតគូរនោះទេ ព្រោះតែគិតថាខ្លួននៅក្មេង ម្យ៉ាងពេលនេះកំពុងស្រវ៉ាយកការសិក្សារ និងការងារសិល្បៈជាមុនសិន៕