(ភ្នំពេញ)៖ ខណៈស្ថានភាពជំងឺកូវីដ-១៩ (Covid-19) នៅកម្ពុជា មានភាពល្អប្រសើរ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានកោះហៅក្លិបសមាជិកលីគកំពូលកម្ពុជា ចូលរួមកិច្ចប្រជុំមួយ ដើម្បីជជែកអំពីកម្មវិធីប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០។
កិច្ចប្រជុំនេះបានធ្វើឡើងនាពហុកីឡដ្ឋានជាតិកាលពីថ្ងៃទី១៩ ខែឧសភា ក្រោមការដឹកនាំរបស់លេខាធិការប្រតិបត្តិ CNCC គឺលោក ឈី កុលបុត្រា និងមានការចូលរួមទាំងពីតំណាងក្លិបទាំង១៣។ ប៉ុន្ដែលទ្ធផលកិច្ចប្រជុំពុំត្រូវបានទម្លាយឲ្យដឹងនោះទេ។ តែប្រភពគួរឲ្យទុកចិត្តបានបង្ហើបថា កិច្ចប្រជុំនេះ គ្រាន់តែចង់ស្ដាប់ការលើកឡើងរបស់តំណាងក្លិបនីមួយៗប៉ុណ្ណោះ ដើម្បីធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់ដឹកនាំ។
សូមបញ្ជាក់ថា រយៈពេលជាង ២ខែមកហើយ ដែលលីគកំពូលកម្ពុជា និងពានសម្ដេចតេជោ ហ៊ុន សែន ត្រូវបានផ្អាកការប្រកួតបណ្ដោះអាសន្ន ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ ប៉ុន្ដែបច្ចុប្បន្ន កម្ពុជាគឺគ្មានអ្នកជំងឺដ៏កាចសាហាវនេះទៀតឡើយ បន្ទាប់ពីករណីរកឃើញ ១២២នាក់ ត្រូវបានក្រុមគ្រូពេទ្យកម្ពុជា ខំប្រឹងព្យាបាលរហូតជាសះស្បើយ ១០០% កាលពីពេលថ្មីៗ។ ចំពោះលីគ មុនសម្រាកបានដំណើរការប្រកួត ៥សប្ដាហ៍ ខណៈពានសម្ដេចតេជោ ហ៊ុន សែន បានរកឃើញបេក្ខភាព ៨ក្រុមចុងក្រោយនៃពានថ្នាក់ខេត្ត៕