(ភ្នំពេញ)៖ អតីតតារាចម្រៀង ម៉ូលីកា និងស្វាមីលោក ហុង មានុណ ហៅឆានុន បានដឹកដៃគ្នាទៅក្រេបយករសជាតិ ទេសភាពនៅស្រុកស្រែ តាមរយៈការគ្រងឈុតបុរាណដ៏គូរឲ្យទាក់ទាញ អបដោយក្លិនដ៏ក្រអូបឈ្ងុយឈ្ងប់ផ្កាឈូក នៅបឹងព័ទ្ធជុំវិញដែលនាង និងស្វាមីបានជ្រើសយកកន្លែងថត រូបកាលពីចុងសប្ដាហ៍កន្លងមក។ ស្វាមីរបស់ ម៉ូលីកា បានបង្ហាញកាយវិការថ្នាក់ថ្នមនាង យ៉ាងខ្លាំងពិសេសនៅពេលដែលម្ចាស់ជីវិត របស់លោកត្រៀមសម្រាលកូនលើកដំបូង នៅអំឡុងចុងខែមិថុនា ឬកក្កដា ខាងមុខនេះហើយ។
ម៉ូលីកា បានដាក់ឈ្មោះឲ្យកូនស្រីរបស់នាង មុនសម្រាលថា នុន ចន្ទម៉ូនីតា ជាមួយការវាចារសារថា «ស្រឡាញ់ទេសភាពស្រុកស្រែណាស់ ឡើងស្រស់ស្រាយតែម្ដង Mummy &Daddy នាំកូនម៉ូនីតា មកប្ដូរបរិយាកាសម្ដង»។ ដោយឡែកលោក មានុណ ជាស្វាមីរបស់នាងវិញ បង្ហាញកាយវិការតក់ក្រហល់ចង់ឃើញមុខកូនស្រី របស់លោកយ៉ាងអន្ទះសារ ដោយជាញឹកញាប់លោក បានអោបថើបផ្ទៃពោះភរិយា ក៏ដូចបានអោបថើបថ្ពាល់កូនស្រីដែរ។
តាមរយៈរូបភាពទាំងនេះបញ្ជាក់ថា ម៉ូលីកា កំពុងមានក្ដីសុខខ្លាំងណាស់ ព្រោះនាងបានសម្រេចបំណងពពោះកូនដំបូងជាកូនស្រី ដែលនាងតែងតែប្រាថ្នាចង់បាន ហើយស្វាមីរបស់នាងតែងតែនៅក្បែរកាយានាង នៅពេលដែលមនុស្សស្រីទាំងឡាយ ត្រូវការចាំបាច់បំផុតពីភាពកក់ក្ដៅពីប្ដី នៅពេលជិតដល់ថ្ងៃសម្រាលនេះ។ នៅមិនដល់២ខែទៀតទេម៉ូលីកា នឹងបានឃើញមុខកូនស្រីរបស់នាងហើយ គេជឿថាគូស្នេហ៍តារា១គូនេះ នឹងកាន់តែមានសុភមង្គល ថែមមួយកម្រិតទៀតជាមិនខានឡើយ ក្រោយពេលពួកគេទទួលបានកាដូមិនអាចកាត់ថ្លៃបាន នៅឆ្នាំ២០២០នេះ។
អតីតតារាចម្រៀងផលិតកម្ម Rock ម៉ូលីកា ថៅកែស្រីហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក បានរៀបការជាមួយតារាសម្ដែង ហុង មានុណ ហៅឆានុន កាលពីថ្ងៃទី១៨ ខែមករាឆ្នាំ២០២០ ដែលគូស្នេហ៍តារា១គូនេះធ្វើឲ្យកក្រើកក្នុងពិភពសិល្បៈ ព្រោះតែរៀបចំពិធីមង្គលយ៉ាងប្រណិត ចំណាយលុយអស់ជាង១០ម៉ឺនដុល្លារ ខណៈអ្នកទាំងពីរធ្លាប់មានប្រវត្តិស្នេហ៍កម្សត់កម្រ ជាមួយគ្នាជាង៣ឆ្នាំ ដោយផ្ដើមចេញពីទុនត្រឹម៣០០ដុល្លារ កស៊ីលក់ជ្រក់ជើងមាន់តាម Online រហូតមានលុយបើកហាងចំណាយទុន ដល់ទៅ១០ម៉ឺនដុល្លា ហើយទិញបានផ្ទះនិងរថយន្ដទំនើបៗជិះទៀតផង។ម៉ូលីកា ជាអ្នកលក់ផលិតផលដ៏ជោគជ័យ និងលេចធ្លោរម្នាក់នៅលើ Online ដែលអ្នកណាៗក៏ស្គាល់នាងហើយ ដោយសារតែពេលនេះនាងមមាញឹកក្នុងអាជីវកម្មខ្លាំងពេក ទើបមិនទាន់អាចវិលមករកអាជីពចម្រៀងសារជាថ្មី តាមកាលកំណត់បើទោះជានាងថា បេះដូងនៅតែស្រឡាញ់សិល្បៈក៏ដោយ។
ម៉ូលីកា បានឲ្យដឹងថានាងនឹងត្រៀមសម្រាលកូន នៅក្នុងស្រុកតែការមានកូន១នេះមិនទាន់គ្រប់គ្រាន់ទេ សម្រាប់គ្រួសារតារា១គូនេះ ព្រោះនៅថ្ងៃការពួកគេប្រាប់ថា ចង់បានកូន៣នាក់ក្នុងរង្វង់គ្រួសារ៕