(ប្រ៊ុចសែល)៖ អ្នកចាត់ទូទៅក្រុមជម្រើសជាតិប៊ែលហ្ស៊ិក លោក Roberto Martinez បានបន្តកិច្ចសន្យាដឹកនាំក្រុមជម្រើសជាតិលំដាប់ទី១ ពិភពលោកនេះរហូតដល់ព្រឹត្តិការណ៍ World Cup 2022 បន្ថែមលើកិច្ចសន្យាចាស់ដែលនឹងផុតកំណត់នៅឆ្នាំនេះ។ នេះបើតាមកាចេញផ្សាយដោយ BBC នាថ្ងៃទី២១ ខែឧសភា។
បុរសសញ្ជាតិអេស្ប៉ាញ វ័យ ៤៦ឆ្នាំខាងលើនេះបានចូលដឹកនាំក្រុមជម្រើសជាតិប៊ែលហ្ស៊ិកនៅឆ្នាំ២០១៦ ដោយបាននាំក្រុមនេះឡើងដល់វគ្គ ៤ក្រុមចុងក្រោយពានរង្វាន់ World Cup ឆ្នាំ២០១៨ នៅរុស្ស៊ី បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះក្រុមអង់គ្លេស។
កិច្ចសន្យាចាស់របស់អតីតអ្នកចាត់ការទូទៅក្លិប Everton ត្រូវផុតកំណត់នៅបញ្ចប់ព្រឹត្តិការណ៍ Euro 2020 តែដោយសារវិបត្តិ COVID-19 ការប្រកួតក៏ត្រូវបានលើកទៅឆ្នាំ២០២១ ហើយបញ្ហានេះជាដើមហេតុធ្វើឲ្យលោក Roberto បន្តដឹកនាំក្រុមបិសាចក្រហមប៊ែលហ្ស៊ិកដល់បញ្ចប់ World Cup Qatar 2022។
លោក Roberto បានលើកឡើងថា «លោកពិតជាសប្បាយចិត្តជាខ្លាំង នឹងមានគម្រោងដ៏មហិមាជាច្រើនជាមួយក្រុមនេះទៀតផង»។
ជាអតីតអ្នកចាត់ការទូទៅក្រុមបាល់ទាត់អង់គ្លេស Everton, Swansea និង Wigan Athletic បានដឹកនាំប៊ែលហ្ស៊ិក ទទួលបានជ័យជម្នះ១០ ប្រកួតក្នុងវគ្គជម្រុះពានរង្វាន់ Euro 2020 ខណៈកាលពីនៅជាកីឡាករ លោកបានបង្ហាញខ្លួនលើទីលានបាន ៤២៥ប្រកួតក្នុងចំណោម ៧ក្លិប៕