(ឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធ Olivier Giroud បានបន្តកិច្ចសន្យាថ្មីជាមួយក្លិបតោខៀវ Chelsea ដែលស្ថិតក្នុងលីគកំពូលអង់គ្លេស Premier League ក្នុងរយៈពេលមួយរដូវកាលទៀត ខណៈកិច្ចសន្យាចាស់ត្រូវផុតកំណត់ក្នុងរដូវកាលនេះ ដែលរូបគេត្រូវបាននាំមកពីក្លិប Arsenal កាលពីឆ្នាំ២០១៧។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។
បញ្ហាការបន្តកិច្ចសន្យាជាមួយតោខៀវ Chelsea ជាមួយខ្សែប្រយុទ្ធបារាំងវ័យ ៣៣ឆ្នាំ Giroud ក៏ព្រោះតែមិត្តរួមក្រុម Tammy Abraham នៅមិនទាន់ជាពីរបួស ហើយកាលពីខែមករា Giroud រកបាន ២គ្រាប់ក្នុងចំណោម ៤ប្រកួតក្នុងរដូវកាលឆ្នាំ២០១៩-២០២០ ដោយបង្ហាញខ្លួនបាន ៩ប្រកួត ក្រោមការដឹកនាំរបស់លោក Frank Lampard។
Giroud បានលើកឡើងថា «រូបគេពិតជារីករាយខ្លាំងក្នុងការបន្តដំណើរជាក្លិបតោខៀវ និងការពារអាវក្រុមនេះបន្តទៀតនៅចំពោះមុខអ្នកគាំទ្រ»។
Giroud ត្រូវបានក្លិប Chelsea នាំមកពីក្លិបរួមលីគ Arsenal ក្នុងតម្លៃប្រមាណ ១៧លានអឺរ៉ូ ដែលស្មើនឹង ១៨លានដុល្លារ។ គិតចាប់តាំងពីក្លាយជាខ្សែប្រយុទ្ធក្រុមតោខៀវ រូបគេបង្ហាញខ្លួនលើទីលានបាន ៧៦ប្រកួត រកបាន ២១គ្រាប់ ដោយបានលើកពាន UEFA Europa League, FA Cup ១លើកដូចគ្នាផងដែរ៕