(ភ្នំពេញ)៖ លោក ណូយ វ៉ាន់ណេត គឺជាតារាចម្រៀងជើងចាស់មួយរូប ដែលត្រូវបានមហាជនគាំទ្រ និងនិយមស្តាប់បទចម្រៀងរបស់លោកគ្រប់ទិសទី តាំងពីដើមរហូតមកដល់បច្ចុប្បន្ននេះ។ ជារឿងដែលគួរឲ្យចាប់អារម្មណ៍ បន្ទាប់ពីថ្មីៗនេះមានព័ត៌មានជាច្រើន បានបន្តចុះផ្សាយថា លោក ណូយ វ៉ាន់ណេត មានជីវភាពខ្វះខាតគួរឲ្យអាណិត ដល់ថ្នាក់ធ្លាក់ខ្លួនធ្វើជាកម្មករសំណង់។ ជុំវិញព័ត៌មាននេះ តើជាការពិតឬយ៉ាងណា?
តាមរយៈ លោក ហេង ឡុង ជាអ្នកគ្រប់គ្រងទូទៅក្នុងសមាគមសិល្បករខ្មែរ បានបញ្ជាក់ថា តារាចម្រៀង លោក ណូយ វ៉ាន់ណេត បានចេញមុខមកបដិសេធចំពោះព័ត៌មានខាងលើ ដោយលោក ណូយ វ៉ាន់ណេត អះអាងថា រូបភាពលោកកំពុងឈររៀបឥដ្ឋដែលគ្រប់គ្នាបានឃើញនោះ គឺលោកកំពុងសាងសង់ផ្ទះខ្លួនឯងប៉ុណ្ណោះ ពុំមែនលោកទៅធ្វើកម្មករសំណងឲ្យក្រុមហ៊ុនណាមួយឡើយ។
លោក ហេង ឡុង បានលើកឡើងថា «នេះគឺជារូបភាពដែលគាត់ធ្វើនៅផ្ទះរបស់គាត់ទេ! បង ណូយ វ៉ាន់ណេត បដិសេធចំពោះសារព័ត៌មានមួយចំនួន ដែលផ្សាយថា គាត់ធ្លាក់ខ្លួន! គាត់មានសុខភាពល្អ និងរស់នៅក្នុងជីវភាពធូរធាធម្មតា!»។
បន្ថែមពីលើការបញ្ជក់របស់ លោក ហេង ឡុង មានអ្នកលេងបណ្តាញសង្គមម្នាក់ បានលើកឡើងស្រដៀងគ្នាថា តាមពិតទៅវាមិនមែនជារឿងពិតនោះទេ ដែលថាលោក ណូយ វ៉ាន់ណេត ធ្លាក់ខ្លួនធ្វើកម្មករសំណង់នោះ ព្រោះកាលមិនទាន់មានកូវីដ១៩ លោកមមាញឹកខ្លាំងណាស់ ក្នុងការច្រៀង នៅតាមពិធីមង្គលការ និងកម្មវិធីសិល្បៈនានា។ ពេលដែលមានពិធីរៀបមង្គលការម្ដងៗ គេខលទៅកក់លោក ណូយ វ៉ាន់ណេត មិនចង់បានផង រឿងអ្វីដែលលោកគ្មានការងារធ្វើ ដល់ថ្នាក់ទៅធ្វើសំណង់?
ជាការពិតតាមញាតិមិត្ត ដែលរស់នៅភូមិផងរបងជាមួយនឹងលោក ណូយ វ៉ាន់ណេត ក៏បានប្រាប់បន្ថែមថា តារាចម្រៀងលោក ណូយ វ៉ាន់ណេត ទោះបីជាលោកមានឈ្មោះល្បីល្បាញពេញផ្ទៃប្រទេសកម្រិតណា ក៏លោកមិនចេះប្រកាន់ខ្លួននោះទេ ពោលការងារអ្វី ដែលលោកអាចធ្វើបាន គឺលោកនឹងធ្វើភ្លាម។ សូម្បីតែការងារដាំដំណាំក្បែរផ្ទះ និងការងារចំអិនអាហារហូបប្រចាំថ្ងៃជាដើម ក៏លោកធ្វើស្ទើរគ្មានចន្លោះនោះដែរ៕