(កាតាឡាំង)៖ ក្រុមអេស្ប៉ាញ FC Barcelona ដែលស្ថិតក្នុងលីគ LaLiga នៅពេលនេះបានទម្លាក់តម្លៃផ្ទេរកីឡាករខ្សែការពារ Samuel Umtiti ពីតម្លៃចាស់ ៤៥លានផោនមកនៅត្រឹមតែ ២៧លានផោនដែលស្មើនឹងប្រមាណ ៣២លានដុល្លារ ចំពេលបច្ចុប្បន្នកីឡាកររូបនេះបានស្ថិតក្នុងគោលដៅរបស់ក្លិបអង់គ្លេស Manchester United និង Arsenal ដែលកំពុងស្វែងរកខ្សែការពារកណ្តាលបន្ថែម។ នេះបើតាមការចេញផ្សាយដោយ Metro នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។
តាមប្រភពខាងលើ់បានបន្តថា ក្រុមខ្លាំងអេស្ប៉ាញ FC Barcelona បានកំពុងជួបវិបត្តិហិរញ្ញវត្ថុក្នុងអំឡុងជួបបញ្ហាវីរុស COVID-19 ហើយពួកគេត្រូវតែដាក់លក់កីឡាករមួយចំនួននៅទីផ្សារដោះដូរនារដូវក្តៅខាងមុខនេះ ហើយខ្សែការពារបារាំង Umtiti ក៏ជាផ្នែកមួយដែលអាចធ្វើឲ្យក្រុមនៅតំបន់កាតាឡាំង មានភាគរយៈហិរញ្ញវត្ថុក្នុងការនាំយកខ្សែប្រយុទ្ធ Lautaro Martinez ពីក្រុមអីតាលី Inter Milan ដែលជាគោលដៅរបស់ពួកគេនៅទីផ្សារកីឡាករខាងមុខ។
សម្រាប់ខ្សែការពារវ័យ ២៦ឆ្នាំសញ្ជាតិបារាំង Umtiti បានបញ្ជាក់ថា «រូបគេចង់ផ្ទេរទៅលេងនៅ Premier League ជាងផ្ទេរទៅកាន់ Serie A បើសិនណាចាកចេញពីកីឡដ្ឋាន Camp Nou»។
ខ្សែការពារពាក់លេខ២៣ ត្រូវបានក្រុមអ្នកមានបុណ្យនាំមកពីក្រុមបារាំង Lyon កាលពីឆ្នាំ២០១៦ ហើយដោយសារតែបញ្ហារបួសញឹកញាប់ក្នុងរដូវកាលនេះ រូបគេបង្ហាញខ្លួនបានតែ ១១ប្រកួតប៉ុណ្ណោះ៕