(ភ្នំពេញ)៖ អតីតគ្រូបង្វឹកបឹងកេត និងអគ្គិសនីកម្ពុជា លោក ប្រាក់ វុទ្ធី កំពុងស្នើសុំទៅសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីក្លាយជាផ្នែកមួយ ក្នុងការចូលរួមអភិវឌ្ឍបាល់ទាត់យុវជន តាមរយៈសាលាតម្រង់ទិសបាល់ទាត់ ២៥រាជធានី-ខេត្តរបស់សហព័ន្ធ។
លោក ប្រាក់ វុទ្ធី បានបញ្ជាក់ថា ក្រោយចែកផ្លូវជាមួយក្លិបអគ្គិសនីកម្ពុជា បច្ចុប្បន្នលោកកំពុងទំនេរ។ ចំពោះសំណើសុំចូលរួមអភិវឌ្ឍយុវជន លោកបានដាក់ទៅសហព័ន្ធប្រមាណ ២ខែមកហើយ តែមកទល់ពេលនេះ ពុំទាន់ទទួលបានសញ្ញាណវិជ្ជមានណាមួយពីសហព័ន្ធឡើយ។
គួរដឹងថា លោក ប្រាក់ វុទ្ធី ដែលជាបងប្រុសលោក ប្រាក់ សុវណ្ណារ៉ា បានចូលដឹកនាំក្លិបអគ្គសនីកម្ពុជា តាំងពីឆ្នាំ២០១៦ ហើយនៅឆ្នាំ២០១៧ លោកបានជួយក្រុមប្រើប្រាស់ធនធានកីឡាករក្នុងស្រុកសុទ្ធនេះ ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ក្រោយយកឈ្នះក្រុមបឹងកេត ដោយបាល់ប៉េណាល់ទី ៥-៤។ នេះគឺជាលទ្ធផលមួយដ៏ល្អ ដ្បិតលោកក៏ធ្លាប់ជួយបឹងកេតលើកពានលីគ កាលពីឆ្នាំ២០១២ ផងដែរ៕