(ភ្នំពេញ)៖ ឈ្មោះជាស្រ្តីមេម៉ាយ តែងតែមានពាក្យពីមាត់ចាបមាត់ព្រាប និយាយពីនេះពីនោះ មិនចេះចប់មិនចេះហើយ។ តែយ៉ាងណាសម្រាប់តារាស្រី២ដួង គឺអ្នកនាង ភិន សុដាលីស និងសុខ សោម៉ាវត្តី ហាក់មិនខ្វល់ខ្វាយអ្វីឡើយ ពីមួយថ្ងៃទៅមួយថ្ងៃគិតតែ របររកស៊ីផ្ទាល់ខ្លួន ខំបីបាច់ចិញ្ចឹមកូន និងថែខ្លួនប្រាណ រហូតមានរូបសម្រស់នៅតែទាក់ទាញ មិនចាញ់ក្រមុំប៉ុន្មានឡើយ។
តារាសម្តែង ភិន សុដាលីស ដែលជាកូនស្រីរបស់ថៅកែផលិតកម្មមហាហង្ស ព្រមទាំងពិធីការិនី និងជាតារាសម្តែង សុខ សោម៉ាវត្តី បានជាប់ឈ្មោះជាស្ត្រីមេម៉ាយ មានកូនស្រីម្នាក់មួយ ក្នុងបន្ទុកគ្រួសារ ដែលត្រូវចិញ្ចឹមបីបាច់ម្នាក់ឯង ក្រោយបែកបាក់ពីស្វាមី។
មានរឿងរ៉ាវស្នេហា បែកបាក់មិនខុសគ្នានោះទេ ភិន សុដាលីស បន្ទាប់ពីបែកបាក់ជាមួយលោក ប៉ែន ចំរុង បានបន្សល់ទុកកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ឈ្មោះថា Katerina បច្ចុប្បន្នកាន់តែចំរើនវ័យ និងមានមុខមាត់កាត់រកម្តាយ និងឪពុក។ និយាយពីសម្រស់វិញ ភិន សុដាលីស កាន់តែមានស្ទីលតុបតែងខ្លួនស្អាតប្លែក មិនខ្វល់រឿងមេម៉ាយ ទៅណាមកណាសប្បាយចិត្ត ជួបជុំមិត្តភ័ក្ត មានក្តីសុខក្នុងជីវិតមួយបែប។
ដោយឡែក សុខ សោម៉ាវត្តី វិញ ក៏មិនខុសពី ភិន សុដាលី ដែរ ដោយថ្មីៗនេះអ្នកទាំងពីរ បានជួបជុំគ្នា លក្ខណៈមិត្តភ័ក្ត បង្អួតសម្រស់រាងខ្លួន យ៉ាងស្រស់ស្អាត។ សុខ សោម៉ាវត្តី មានកូនស្រីម្នាក់ក្នុងបន្ទុក បន្ទាប់ពីបែកបាក់ជាមួយស្វាមី។ ទោះមានរឿងអ្វីក្នុងជីវិត តែនាងហាក់មានភាពរឹងមាំខ្លាំង ក្នុងការកសាងជីវិតគ្រួសារប្រកបដោយសុភមង្គល ជាមួយកូនដូចពេលបច្ចុប្បន្ន៕