(ភ្នំពេញ)៖ បន្ទាប់ពីបានដាក់បង្ហោះ ជាសាធារណៈទាំងលើផេក និងក្នុងសង្គមយូធូប បទនិពន្ធដោយស្នាដៃកូនខ្មែរ «អំពើល្អ» ដែលមានអ្នកស្គាល់ តាមរយៈការផ្សព្វផ្សាយជាហូរហែមកនោះ មិនទាន់ចេញ MV ផ្លូវការផង មានអ្នកចូលស្ដាប់ ប្រមាណជិត១លានដងទៅហើយ ដែលហាក់កាន់តែទទួលបានការគាំទ្រច្រើន។ នេះជាស្នាដៃនិពន្ធថ្មីទាំងប៉ារ៉ូល ទំនុកភ្លេង ក៏ដូចជា Melogy ដែលជាការតែងនិពន្ធរបស់ស្ថាបនិកគ្រួសារតារាកម្ពុជា និង មានការចូលរួមបកស្រាយឆ្លើយឆ្លង ពីសំណាក់អតីត Cambodian Idol រដូវកាលទី២ គឺ កញ្ញា ហ៊ិន លីដា។
បទចម្រៀង មានអត្ថន័យចាក់ដោតនេះ គឺជាការនិពន្ធឡើង ដើម្បីលើកទឹកចិត្តដល់រាល់អំពើល្អ នៅក្នុងសង្គម និងដើម្បីបំផុសឲ្យកាន់តែមានអំពើល្អ នៅក្នងបរិបទដែលមនុស្សតែងតែឲ្យតម្លៃ លើសកម្មភាពចែករំលែកនាពេលនេះ។ បទចម្រៀងមួយបទនេះ ក៏គម្រោងផលិតជា MV ដោយឆ្លុះបញ្ចាំងពីទង្វើល្អច្រើនទម្រង់ ក្រោមការសហការផលិត ពីក្រុមហ៊ុនផលិតស្ពតធំមួយ គឺ អំណាត មេឌា។ ក្នុងនោះសូម្បីតែសិល្បករសិល្បការិនី នៅក្នុងរង្វង់សិល្បៈច្រើនរូប ក៏បានប្រកាសខ្លួនថានឹងចូលរួមសម្ដែង នៅក្នុងបទនេះ ដើម្បីធ្វើជាសារបំផុសពីអំពើល្អផងដែរ។
អ្វីដែលធ្វើឲ្យបទនិពន្ធថ្មីនេះ ចាប់អារម្មណ៍ គឺទំនុកច្រៀង និងសាច់ភ្លេង ដែលមានភាពរស់រវើក និងចាក់ដោត ពីអំពើល្អនោះតែម្ដង។ លោក ផាត់ តារារដ្ឋ ជាអ្នកនិពន្ធ និងជាអ្នកបកស្រាយបទនេះដោយផ្ទាល់ បានបង្ហាញនូវការជឿជាក់យ៉ាងខ្លាំងថា បទចម្រៀងនេះ នឹងកាន់តែបំផុសពីអំពើល្អនៅក្នុងសង្គម។ មិនខុសគ្នាដែរ កញ្ញា ហ៊ិន លីដា ក៏សម្ដែងនូវអារម្មណ៍មោទនភាព បន្ទាប់ពីបទ «អំពើល្អ» ដែលនាងមានឱកាសធ្វើជាម្ចាស់បទ ទទួលបានការគាំទ្រខ្លាំង។
កញ្ញា ហ៊ិន លីដា និយាយថា នាងពិតជាសប្បាយចិត្ត ដែលបទចម្រៀងមានអ្នកចាប់អារម្មណ៍ ហើយនាងក៏ត្រៀមខ្លួនក្នុងការថតបំផុស ដើម្បីឲ្យបទចម្រៀងនេះ ក្លាយជាស្នាដៃមួយជួយដល់សង្គម ដោយមិនគិតកម្រៃផងដែរ។
ចង់ដឹងថា តើបទអំពើល្អ មានខ្លឹមសារចាក់ដោតកម្រិតណា សូមរីករាយទស្សនាសណ្ដាប់ទាំងអស់គ្នា៖