(ភ្នំពេញ)៖ តារាប្រុសរូបសង្ហាអតីត Frehsie ដែលត្រូវបានទស្សនិកជនតែងតែហៅថា ម៉ៃ ចយ មានឈ្មោះ ពិតថា គីម តារា បានគាស់កកាយនូវរឿងរ៉ាវជីវិតជាច្រើន ទាំងការតស៊ូលំបាកក្នុងសិល្បៈ និងការទទួលបានប្រជាប្រិយភាព។ ម៉ៃ ចយ ថាទំរាំមានការងារធ្វើហូរហែររហូតដល់បច្ចុប្បន្ន លោកបានចាយពេលរយៈពេល៦ឆ្នាំ ដើម្បីទៅរៀន និងធ្វើការផ្នែកឌីជេ ក្នុងប្រទេសថៃ ដើម្បីចាប់យកអាជីពមួយច្បាស់លាស់។
ការលើកឡើងបែបនេះ ពីសំណាក់តារាប្រុស ម៉ៃ ចយ គឺតាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» របស់ទូរទស្សន៍ Fresh News។ ឆ្លើយតបនឹងការសាកសួរពីសំណាក់ពិធីករ-ពិធីការិនី ក្នុងកម្មវិធីនេះ លោក ម៉ៃ ចយ បានឲ្យដឹងថា លោកគឺជា អតីតជ័យលាភីក្នុងកម្មវិធី ប្រឡងសម្រស់និងសម្ថភាព Frehsie។ ក្រោយបញ្ចប់ការប្រឡងក្នុងកម្មវិធីនេះ លោកហាក់មិនទាន់មានកេរ្តិ៍ឈ្មោះអ្វីខ្លាំងក្លាក្នុងសិល្បៈឡើយ។
បន្ទាប់មក លោកបានទៅប្រទេសថៃ ដើម្បីចាប់យកអាជីពច្បាស់លាស់មួយក្នុងជីវិត។ ការរស់នៅប្រទេសថៃ លោក ម៉ៃ ចយ បានរៀនផ្នែកឌីជេ រៀនបានច្រើនខែបន្តិច លោកក៏ចេញធ្វើការរកលុយ។ ក្រោយចាប់បានអាជីពនេះច្បាស់លាស់ហើយ ក៏ត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីបន្តការងារសិល្បៈ។ ដោយសារចេះនិយាយភាសាថៃ និងមានរូបសង្ហារផងនោះ ម៉ៃ ចយ មានឱកាសធ្វើកិច្ចការងារជាមួយតារាថៃល្បីៗជាច្រើនរូប តាមរយៈតំណាងផលិតផលសម្រស់នានា។ កាលនេះ កាន់តែធ្វើឲ្យប្រជាប្រិយភាពលោកល្បីល្បាញពីមួយដំណាក់កាលទៅមួយដំណាក់កាល។
តាមរយៈចូលរួមក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» លោក ម៉ៃ ចយ បានបកស្រាយនូវរឿងរ៉ាវយល់ច្រឡំមួយចំនួន ដែលមហាជនថាលោកស្រឡាញ់ភេទដូចគ្នា នៅពេលដែលឃើញរូបភាព Pre-Wedding ថតជាមួយតារាប្រុស ជា លាងឈែ។ លោកថា ការថត Pre-Wedding ជាមួយបុរសដូចគ្នានេះ គ្រាន់តែជាការងារតែប៉ុណ្ណោះ ហើយការពិតមិនមែនដូចមហាជនយល់ឃើញឡើយ។ ទន្ទឹមគ្នានេះ លោកបានបង្ហើបថា បើមានការងារបែបនេះទៀត លោកសុំផ្អាក់សិន ព្រោះមិនចង់ឲ្យមហាជនយល់ច្រឡំបន្តទៀត។
គួរជម្រាបថា លោក គីម តារា ហៅម៉ៃ ចយ កំពុងតែមានប្រជាប្រិយភាពខ្លាំងក្នុងវិស័យសិល្បៈ។ មិនត្រឹមតែមានអាជីពឌីជេនោះទេ លោកមានសមត្ថភាពសម្តែងភាពយន្ត និងថត MV ចម្រៀងផងដែរ។ ទាក់ទងនឹងរឿងស្នេហ៍ ត្រូវបានតារារូបនេះបង្ហើបយ៉ាងខ្លីថា កំពុងមើលចិត្តថ្លើមគ្នាជាមួយនារីម្នាក់ ដែលមិនមែនជាអ្នកសិល្បៈ៕