(លីយ៉ុង)៖ លោក Jean-Michel Aulas ប្រធានក្លិបបាល់ទាត់ Lyon បានសរសេរសំបុត្រ ១ច្បាប់ផ្ញើទៅនាយករដ្ឋមន្រ្តីបារាំង និងប្រធានសហព័ន្ធកីឡាបាល់ទាត់ នៃប្រទេសបារាំង សុំឲ្យមានការប្រកួត Ligue 1 ឡើងវិញ។
ក្នុងសេចក្តីសំបុត្ររបស់លោក Aulas បានរៀបរាប់ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន BBC ថា «បាល់ទាត់បារាំង បានប្រឈមទៅនឹងវិបត្តិសេដ្ឋកិច្ច និងមតិរិះគន់ជុំទិស។ ហេតុអ្វីបានជាបារាំងសម្រេចបញ្ចប់ដ៏លឿនបែបនេះ? ព្រោះនេះជាក្របខណ្ឌបាល់ទាត់មួយមានប្រជាប្រិយភាពផងដែរ ក្នុងចំណោមលីគកំពូលទាំង៥ នៅអឺរ៉ុប»។
សូមជំរាបថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ រដ្ឋាភិបាលបារាំងបានចេញសេចក្តីជូនដំណឹងក្នុងការ បិទបញ្ចប់ក្របខណ្ឌបាល់ទាត់ Ligue 1 និង Ligue 2 រដូវកាលនេះមុនគេនៅចំពោះមុខនៃការរាតត្បាតជំងឺ COVID-19 គ្រាដែលនៅសល់ ១០ប្រកួតទើបបញ្ចប់រដូវកាលឆ្នាំ២០១៩-២០២០ នេះ ដូចគ្នាទៅនឹងលីគកំពូលនៅប៊ែលហ្ស៊ិក និងប្រទេសហូឡង់ សុទ្ធតែសម្រេចបញ្ចប់មុនរដូវកាលផងដែរ។
តែយ៉ាងណា លីគកំពូលនៃប្រទេសអាល្លឺម៉ង់ Bundeslia បានប្រកួតឡើងវិញ ២សប្តាហ៍មកហើយ ដោយពុំមានបញ្ហាអ្វីនោះទេ ដោយប្រកួតបិទទ្វារ គ្រាដែលលីគ LaLiga របស់អេស្ប៉ាញ Serie A របស់អ៊ីតាលី និង Premier League របស់សុទ្ធតែមានគម្រោងត្រឡប់មកវិញនាខែក្រោយដូចគ្នា៕