(មែនឆេស្ទើ)៖ អតីតកីឡាករខ្សែប្រយុទ្ធដែលបានកំពុងកាន់កំណត់ត្រាមានវ័យ១៥ឆ្នាំបានលេងក្នុងឈុតធំក្លិប Manchester City លោក Glyn Pardoe បានទទួលមរណភាពហើយក្នុងវ័យ៧៣ឆ្នាំ ដោយពុំបញ្ជាក់ពីមូលហេតុឲ្យដឹងឡើយ។
បុរសសញ្ជាតិអង់គ្លេស ដែលប្រកបអាជីពជាមួយក្រុមរហស្សនាម «មេឃខៀវ» តែមួយគត់ចាប់តាំងពីឆ្នាំ១៩៦២ ដល់១៩៧៦ ហើយលោកគឺជាអតីតកីឡាករដែលមានវ័យត្រឹមតែ ១៥ឆ្នាំ ក្មេងជាងគេបានចូលលេងក្នុងឈុតធំនៃក្លិបស្ថិតក្នុងទីក្រុង Manchester។ នេះបើតាមការចេញផ្សាយដោយ The Sun នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។
ប្រវត្តិនៅជាកីឡាករលោក Glyn Pardoe ធ្លាប់បានឈ្នះពានរង្វាន់ Division នៅឆ្នាំ១៩៦៨ រួមបន្តឈ្នះពាន FA Charity Shield ហើយក៏បានឈ្នះពាន FA Cup ឆ្នាំ១៩៦៩ និងពាន League Cup ឆ្នាំ១៩៧០ និងពានធំ UEFA European Cup Winner’s Cup ឆ្នាំ១៩៧០ ដោយគិតត្រឹមនេះពីការបង្ហាញខ្លួនលើទីលានបានចំនួន ៣០០ប្រកួតមួយក្រុមមេឃខៀវ និងធ្លាប់ចូលលេងឲ្យជម្រើសជាតិអង់គ្លេស U23 បានត្រឹម ៤ប្រកួតប៉ុណ្ណោះក្នុងឆ្នាំ១៩៦៩។
ភ្លាមៗនោះដែរ ក្លិប Man City ក៏បានបង្ហោះសាររំលែកទុក្ខលើបណ្តាញសង្គមរបស់ក្លិបទៅកាន់លោក Glyn Pardoe ថា មនុស្សនៅក្នុងទីក្រុងមានអារម្មណ៍សោកសៅជាខ្លាំង ចំពោះការបាត់បង់រូបលោក និងចូលរួមរំលែកទុក្ខទៅកាន់មិត្តភក្តិ ក្រុមគ្រួសារនៃសពក្នុងពេលវេលាលំបាកនេះទៀតផង៕