(ភ្នំពេញ)៖ លោក មាស ចាន់ណា គ្រូបង្គោលក្លិបណាហ្គាវើលដ៏ បានប្រកាសពីការប្រមូលផ្ដុំកីឡាករចូលជំរុំហ្វឹកហាត់វិញនាដើមសប្ដាហ៍ក្រោយ បន្ទាប់ពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងជំនាញ បានបើកភ្លើងខៀវអនុញ្ញាតឲ្យមានសកម្មភាពកីឡាឡើងវិញ ពិសេសការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជាកាលពីពេលថ្មីៗ។
ទន្ទឹមជាមួយគ្នានេះ លោកក៏បានបង្ហើប លីគគ្រោងនឹងបន្ដការប្រកួតវិញនាដើមខែកក្កដាផងដែរ។ លោកថា «ខ្ញុំត្រៀមប្រមូលផ្ដុំថ្ងៃចន្ទ ថ្ងៃទី០១-មិថុនាសប្ដាហ៍ក្រោយ ព្រោះក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឲ្យយើងចាប់ផ្ដើមប្រមូលផ្ដុំពីដើមខែមិថុនាទៅ ហើយលីគយើង ក៏គ្រោងលេងនៅដើមខែកក្កដាដែរ អញ្ចឹងខ្ញុំនឹងចាប់ផ្ដើមហាត់ថ្ងៃទី១-មិថុនា ដើម្បីឲ្យស្របតាមរាជរដ្ឋាភិបាលប្រកាស»។
ជុំវិញការត្រៀមចូលសមរភូមិវាលស្មៅនេះដែរ លោក មាស ចាន់ណា បានអះអាងថា មិនសូវបារម្ភឡើយ ដ្បិតមានពេលគ្រប់គ្រាន់ ដើម្បីរៀបចំក្រុមឡើងវិញ បើសិនលីគចាប់ផ្ដើមដូចលើកឡើងខាងលើ។ លោកបន្ថែមថា «ខ្ញុំគិតថា ពេលវេលានេះ គឺសមល្មម ចង់និយាយថា អត់យូរពេក អត់ឆាប់ពេក បើលើសហ្នឹងអាចយូរពេក បើកៀកហ្នឹងអាចឆាប់ពេក អញ្ចឹងរយៈពេល ១ខែ សម្រាប់ការប្រមូលផ្ដុំ គឺល្មមតែម្តង»។
យ៉ាងណាមិញ កាលបរិច្ឆេទផ្លូវការនៃលីគកំពូលកម្ពុជា នឹងត្រឡប់មកវិញនាពេលណា នៅមិនទាន់មានការប្រកាសពីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នោះទេ ខណៈអ្នកគាំទ្រ កំពុងទន្ទឹងរង់ចាំដូចគ្នា។ តែក្លិបសមាជិក ក្លិបមួយចំនួន បានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់មុន ដូចជាព្រះខ័នរាជស្វាយរៀង និងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទជាដើម ខណៈក្លិបមួយចំនួនត្រៀមប្រមូលផ្ដុំនាដើមខែមិថុនា ដូចណាហ្គាវើលដ៏ដែរ។
គួរដឹងថា ការអនុញ្ញាតឲ្យមានសកម្មភាពកីឡាឡើងវិញនេះ គឺក្រោយពេលគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (COVID-19) ក្រោមការចង្អុលបង្ហាញរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួនក្នុងវិស័យកីឡា។ ប៉ុន្ដែយ៉ាងណាគណៈកម្មការអន្ដរក្រសួង ក៏បានដាក់លក្ខខណ្ឌមួយចំនួន សម្រាប់ក្រសួងអប់រំ សហព័ន្ធកីឡាជាតិ និងក្លិបនានាអនុវត្ដ ដើម្បីធានាបានសុវត្ថិភាព និងចូលរួមទប់ស្កាត់រលកទី២ នៃជំងឺកូវីដ-១៩ ផងដែរ៕