(ភ្នំពេញ)៖ តារាសម្ដែងល្បីៗជាច្រើន ចាប់ផ្ដើមមានទឹកមាត់លេបវិញហើយ បន្ទាប់ផលិតកម្មមួយចំនួនបានបន្តផលិតភាពយន្តរបស់ខ្លួនឡើងវិញ ធ្វើឲ្យតារាសម្ដែងទាំងនោះ បានឱកាសចូលសម្ដែងជាបន្តបន្ទាប់ ក្រោយស្ថានភាពនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានធូរស្បើយជាបណ្ដើរៗ។
តារាសម្ដែងមានសម្រស់ស្រស់ផូរផង់ ទឹកមុខស្រគត់ស្រគំ និងមានងារជាតារាទឹកភ្នែក កញ្ញា នី មុន្នីនាថ បានប្រកាសឲ្យដឹងនៅថ្ងៃនេះថា នាងបានសម្រេចចិត្ត ទទួលយកការថតភាពយន្តភាគឡើងវិញ ក្រោយពីផ្អាកអស់មួយរយៈធំដោយសារតែប្រទេសកម្ពុជា បានជួបនូវវិបត្តិជំងឺកូវីដ១៩ និងដោយសារតែរូបនាងជាប់រវល់ក្នុងផលិតរឿងខ្លីៗ បែបអប់រំក្នុងសង្គម។
នី មុន្នីនាថ បានប្រកាសថា ទោះបីជានាងបានផ្អាកក្នុងចូលរួមប្រឡូក និងសម្ដែងក្នុងភាពយន្តភាគជាច្រើនខែមកហើយក្ដី ប៉ុន្តែនាងពុំមានការភ័យព្រួយ ឬបារម្ភខ្លាចបាត់បង់ប្រជាប្រិយភាពតាមរយៈការបាត់វត្តមាន នាពេលកន្លងមកនោះឡើយ ពោលគឺការបាត់សកម្មភាពនាពេលកន្លងមក ក៏មានតារាសម្ដែង តារាចម្រៀងច្រើននាក់នោះដែរ មិនមែនមានតែរូបនាងម្នាក់ទេ។ ម្យ៉ាងវិញទៀត ទេពកោសល្យរបស់នាង ដែលមានតាំងពីធម្មជាតិមក ក៏មិនបានបាត់បងទៅណាដែរ។
ការថ្លែងប្រាប់ឲ្យដឹងពីសំណាក់តារាសម្ដែងទឹកភ្នែក នី មុន្នីនាថ គឺក្នុងឱកាសដែលនាងទទួលបានតំណែងជាតួឯក ក្នុងភាពយន្តភាគមួយមានចំណងជើងថា «មហិច្ឆតា» ដែលបានធ្វើការរៀបចំចេញថត នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នេះ ដោយនាងត្រូវសម្ដែងប៉ះជាមួយតួឯកប្រុស គឺលោក ប៊ឺរី។ ភាពយន្តនេះ នឹងត្រូវចាក់ផ្សាយ នៅក្នុងស្ថានីយទូរទស្សន៍ PNN។
ដោយឡែកសម្រាប់តារាសម្ដែង កញ្ញា ចាន់ នីកា ក៏បានបញ្ជាក់ដែរថា នៅពេលនេះសកម្មភាពថតភាពយន្ត បានចាប់ផ្ដើមកើតឡើងវិញបណ្ដើរៗហើយ ក្រោយស្ថានភាពនៃជំងឺកូវីដ១៩ បានធូរស្រាល។ ចាន់ នីកា បានបន្ថែមថា នេះជាសញ្ញាល្អមួយសម្រាប់អ្នកសិល្បៈទាំងអស់ នៅក្នុងការបន្តអាជីពរបស់ខ្លួន និងរកចំណូលបានឡើងវិញ ហើយអ្វីដែលធ្លាប់បានផ្អាកទាំងពាក់កណ្ដាលទី ក៏ដំណើរការជាធម្មតាដែរ។
តារាសម្ដែង ចាន់ នីកា បានថ្លែងបន្តថា សព្វថ្ងៃនេះនាងកំពុងជាប់ថតភាពយន្តចំនួន២រឿង គឺរឿង «កូនក្រមុំខ្មោច» និងរឿង «ផ្ទះវិញ្ញាណ» ដែលភាពយន្តទាំងពីររឿងនេះ នឹងត្រូវដាក់បញ្ចាំង នៅក្នុងស្ថានីយទូរទស្សន៍ បាយ័នដូចគ្នា។
ងាកមកតារាចម្រៀងជើងចាស់ លោក សាវីន ហ្វីលីព ឯណេះវិញ ក៏បានថ្លែងបញ្ជាក់ប្រាប់ Fresh News ផ្នែកកំសាន្ត ដែរថា បច្ចុប្បន្ននេះ បន្ទាប់ពី ស្ថានភាពនៃ ជំងឺកូវីដ ១៩ បានធូរស្រាល មាន ផលិតកម្មមួយចំនួនបានបន្តសកម្មភាពថតវិញហើយ។ លោកថា ផលិតកម្មខ្លះថតទ្បើងវិញ ហើយផលិតកម្មខ្លះមិនទាន់ថតវិញទេ ជាក់ស្ដែងដូចជាផលិតកម្ម «ខ្មែរមេគង្គ» ជាដើម ព្រោះរឿងដុំ «រាំមិនឆ្អែតទេ» ត្រូវប្រើតារាសម្ដែង និងមនុស្សម្នាច្រើននាក់ ដើម្បីថតឈុតរាំលក្ខណៈទ្រង់ទាយធំ។
យ៉ាងណាមិញ សព្វថ្ងៃតារាសម្ដែង សាវីន ហ្វីលីព កំពុងសម្ដែងក្នុងរឿង «ទឹកនិងប្រេង» ដែលជាភាពយន្ត និយាយពីប្រវត្តិសាស្រ្តរបស់ខ្មែរ ក្នុងសម័យបារាំង (១៩០៥) ហើយនឹងត្រូវចាក់ផ្សាយ នៅក្នុងស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥។
សូមបញ្ជាក់ថា ក្នុងរដូវកាលនៃជំងឺកូវីដ១៩ បានឆ្លងរាលដាលជាសកល និងបានចូលមកដល់ប្រទេសកម្ពុជា នៅដើមឆ្នាំ២០២០នេះ បានធ្វើឲ្យតារាសម្ដែង តារាចម្រៀង នៅក្នុងមជ្ឈដ្ឋានសិល្បៈ ត្អូញត្អែពីការបាត់បង់ចំណូល និងត្រូវបានផលិតកម្មផ្អាកការសម្ដែង ផ្អាកការជួបជុំ ជាបន្តបន្ទាប់។ រហូតមកដល់ពេលនេះ សកម្មភាពសិល្បៈ ហាក់មានភាពប្រសើរឡើងបន្តិចវិញហើយ៕